ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ២ភូមិបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីស៊ីម៉ាក់រកឃើញទីតាំងគ្រាប់បែកគីមីមិនទាន់ផ្ទុះ៥កន្លែងទៀតក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្គន់ និងភូមិ-ឃុំគគីរ ស្រុករមាស ហែក ខេត្តស្វាយរៀងដែលអាជ្ញាធរជម្លៀស ចេញពីផ្ទះនាពេលកន្លងមកហើយនាពេលនេះបានវិលត្រឡប់ទៅលំនៅឋានវិញអស់ហើយបន្ទាប់ពីគណៈកម្មការចម្រុះចុះប្រតិបត្តិការវេចខ្ចប់គ្រាប់បែកគីមីបានមួយគ្រាប់ ។

បើយោងតាម លោក សួរ សាម៉ល់ អភិបាលរងស្រុករមាសហែកបានឲ្យដឹង ថា ពលរដ្ឋជិត១០០០នាក់ ជម្លៀសចេញពីតំបន់ដោះខ្ចប់គ្រាប់បែកគីមី ពីរភូមិបាន វិលទៅលំនៅឋានវិញអស់ហើយ ដោយ សារក្នុងចំណោមគ្រាប់បែកគីមីពីរគ្រាប់ ដែលគណៈកម្មការជំនាញ (នាយកដ្ឋាន គីមីសាស្ត្រ របស់ក្រសួងការពារជាតិ និង អង្គការស៊ីម៉ាក់ ) ដោះវេចខ្ចប់បានមួយ គ្រាប់ ។ ខណៈមួយគ្រាប់ទៀត សង្ស័យ នៅខាងក្រោមសាលាឆាន់វត្តគគីរមិនទាន់រុករកឃើញនៅឡើយ ។

បើយោងតាមមន្ត្រីស៊ីម៉ាក់បាន និយាយ ថា គ្រាប់បែកគីមីរបស់អាមេរិកបន្សល់ទុកពីសម័យសង្គ្រាម នៅក្បែរសាលារៀនបឋមសិក្សាគគីរបានវេចខ្ចប់រួចហើយឥឡូវនេះ គណៈកម្មការបានរកឃើញទីតាំងគ្រាប់បែកគីមីមិនទាន់ផ្ទុះយ៉ាងហោចណាស់៥កន្លែង ទៀតនៅក្នុងតំបន់នោះ ។ ប៉ុន្តែបើដោះអាចមិនជម្លៀសពលរដ្ឋទេ ដោយសារ ទីតាំងគ្រាប់ទាំងនោះនៅតាមទីវាលឆ្ងាយពីភូមិរបស់ អ្នកស្រុករស់នៅ ។

ពាក់ព័ន្ធករណីគ្រាប់បែកគីមីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឲ្យប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋនៅតំបន់នោះ ព្រោះសម្តេចគ្មានសង្ឃឹម ថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់ បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០នៅលើទឹកដីនៃខេត្តស្វាយរៀងនោះឡើយ ។ បើទោះបីជាផ្លូវច្បាប់ទាំង សហរដ្ឋអាមេរិក និងអង្គការ សហប្រជា ជាតិមានតួនាទីចូលរួមទទួល ខុសត្រូវលើអាវុធគីមីនេះក្តីដោយយោងទៅតាមអនុ សញ្ញាអន្តរជាតិ សី្តពីអាវុធគីមីរបស់អង្គការសហប្រជាជាតិ។

អគ្គនាយកសុីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ប្រាប់ថា គ្រាប់បែកគីមីដែលរកឃើញនៅខេត្តស្វាយរៀង ជាប្រភេទ Chlorobenzalmalononitrile (CS) ដែល ទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រសិន បើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិន គ្រប់ខែ និងបញ្ហាមួយចំនួនទៀត។ គ្រាប់ បែកគីមីនេះ ស៊ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមាន ខេត្ត៣ ដែលស៊ីម៉ាក់ជឿជាក់ថា មានគ្រាប់ បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃ វែង និងមណ្ឌលគិរី។

គួររំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់ គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ ២០០០ ដោយប្រធានាធិបតីលោក Bill Clinton ដែលបានបញ្ចេញឯក សារចំហថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួក យៀកកុង ។ ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរអស់ជាងកន្លះ លាននាក់ និងកម្ទេចតែភូមិឋានផ្ទះសម្បែងខែ្មរអស់រាប់ម៉ឺនកន្លែងឯណោះ ៕ យឹម សុថាន


ចែករំលែក៖