ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពុង​ចាត់​ការ​បណ្តឹង​អនិកជន​ខ្មែរ​រស់នៅ​អាមេរិក​ ប្តឹង​កញ្ញា​ នី​ មុន្នីនាថ​ ទាមទារ​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ​៖​ ពេលនេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កំពុង​ចាត់​ការ​បណ្តឹង​អនិកជន​ខ្មែរ​រស់នៅ​អាមេរិក​ ​ប្តឹង​កញ្ញា​ នី​ មុន្នីនាថ​ តារា​សម្ដែង​ល្បីល្បាញ​មួយ​រូប​ ​ទាមទារ​ប្រាក់​ចំនួន​៧ម៉ឺន​ដុល្លារ​អាមេរិក​ និង​ សំណង​ជំងឺ​ចិត្ត​ចំនួន​៥ម៉ឺន​ដុល្លារ​អាមេរិក​ ។

តួឯក​ប្រុស​​ក្នុង​រឿង​ក្ដី​ឈ្មោះ​ អ៊ឹង​ សូឡាង​ អាយុ​៤២ឆ្នាំ​ រីឯ​តួឯក​ស្រី​ កញ្ញា​ នី​ មុន្នីនាថ​ អាយុ​ទើប​២៧ឆ្នាំ​ប៉ុណ្ណោះ​ ដោយ​ប្តឹង​ចោទប្រកាន់​តួឯក​ស្រី​ ថាបាន​បោកប្រាស់​យកប្រាក់​​ជា​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ ដោយ​សន្យា​ថា​ នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ ។​ ប៉ុន្តែ​ កន្លង​មក​ ម្តាយ​កញ្ញា​ នី​ មុន្នីនាថ​ បដិសេធ​ថា​ កូនស្រី​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ​ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ តុលាការ​កំពុង​ចាត់​លើ​បណ្តឹង​នេះ​ហើយ​ ខណៈ​ដែល​នៅ​ថ្ងៃទី​១៤​ ខែ​តុលា​ នេះ​ ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ យិច​ សមិទ្ធិ​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ដើម​ចោទ​ អ៊ឹង​ សូឡាង​ បាន​ទេ​ ។

ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ដាក់​ចូលលោក​ តាំង​ ស៊ុន​ឡាយ​ ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ លោក​មេធាវី​ យិច​ សមិទ្ធិ​ អះអាងថា​ ដើម​ចោទ​ អ៊ឹង​ សូឡាង​ និង​ ចុងចម្លើយ​ បាន​ស្គាល់​​គ្នា​និង​ស្រលាញ់​គ្នា​នៅ​ឆ្នាំ​២០១៤​ ដោយ​ព្រមព្រៀង​យ៉ាង​ច្បាស់លាស់​ថា​ នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត​ ហើយ​បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ ត្រឹមត្រូវ​ ។​ នៅ​ថ្ងៃ​ភ្ជាប់​ពាក្យ​ ដើម​ចោទ​បាន​ផ្តល់​ជូន​គ្រឿង​អលង្ការ​ជាច្រើន​ សរុប​ចំនួន​៣៧០0០ដុល្លារ​អាមេរិក​ ។​ ដើម​ចោទ​ តែងតែ​ផ្តល់​ប្រាក់​ជា​បន្តបន្ទាប់​ទៀត​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ ។​ ប៉ុន្តែ​ក្រោយ​មក​ បែរ​ជា​ កញ្ញា​ នី​ មុន្នីនាថ​ ផ្តាច់​ពាក្យ​វិញ​ ដោយ​ហេតុផល​ ដើម​ចោទ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជា​មួយ​ចុងចម្លើយ​ទៅ​វិញ​ ៕ ចេស្តា

 

 


ចែករំលែក៖