ខេត្តព្រះសីហនុ៖ បុរសជនជាតិវៀតណាមម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១២-២១៣ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កដោយរថយន្តCAMRY បាឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2S-3447 អ្នកបើកបរឈ្មោះ ដូវ៉ាន់ ទៀន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ B8900066 មុខរបរកម្មកររោងចក្រហុកជូ មានអ្នករួមដំណើរចំនួន០២នាក់ទី១.ឈ្មោះង៉ូ យឿងថៃ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មករនិងទី២.ឈ្មោះដូ វ៉ាន់តិន ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករ អ្នកទាំងបី ស្នាក់នៅរោងចក្រហុកជូ ក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពដដែលបន្តទៀតថា រថយន្តCAMRYបាឡែន មានទិសដៅពីក្នុងក្រុងព្រះសីហនុទៅព្រៃនប់ (អ្នករួមដំណើរទាំងអស់ ទេីបនឹង ចេញពីការហូបចុកនៅម្តុំរង្វង់មូលតោពី) លុះដល់ចំណុចខាងលើផ្លូវកោងក៏បានរ៉េចង្កូតទៅខាងឆ្វេងដៃ បុកពីចំហៀងរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-8654 ដែលមានទិសដៅបញ្រ្ចាស់គ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ អ្នកបើករថយន្តបាឡែន ឈ្មោះដូ វ៉ាន់ទៀន ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនិងរងរបួសមួយនាក់ ឈ្មោះង៉ូ យឿងថៃ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។
អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ដូ វ៉ាន់តិន មិនមានរងរបួសឡេីយ ។ ចំណែកអ្នកបើកបររថយន្តដឹកឥដ្ឋ បានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានបងប្រុសបង្កើត និង ក្រុមហ៊ុនហុកជូ លនចាត់ចែងយកសព ទៅប្រទេសវៀតណាម។
រីឯវត្ថុតាងរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ឆ្លាម សមុទ្រ