ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តទុកចោលមិនដាក់សញ្ញាសម្គាល់គ្រោះថ្នាក់ត្រូវអ្នកជិះម៉ូតូមិនបានប្រយ័ត្នបុកពីក្រោយបាក់កស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈ ដែលជិះម៉ូតូមួយគ្រឿងមិនបានប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងទីន័រ ដែលចតទុកនៅក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យអ្នកបើកម៉ូតូបាក់កស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង ១៥ នាទីព្រឹកថ្ងៃ ទី ១៤ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ចំណុចមុខ ផ្ទះឈ្មោះ ម៉ារ៉ាឌី ស្ថិតក្នុងភូមិ កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមអ្នក ដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានរថយន្តកុងទីន័រមួយគ្រឿងម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-7615 បើកមកពីលិចទៅកើតតាមផ្លូវទំនប់កប់ស្រូវលុះមកដល់ចំណុចកើតហេតុបានឈប់ចតនៅស្ងៀម ដោយមិនមានដាក់សញ្ញាគ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរ និងយោងតាមស្ថានភាពផ្លូវងងឹតផងនោះ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-7419 បើកមកពីខាងក្រោយក្នុងទិសដៅស្របគ្នាស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្តបណ្តាលឲ្យបាក់កស្លាប់នៅជាប់នឹងម៉ូតូក្នុងកន្លែងកើតហេតុនោះតែម្តង ចំណែកអ្នកបើករថយន្តដោយឃើញសភាពការមានជនរងគ្រោះស្លាប់ដោយសារបុកពីក្រោយរថយន្ត ដែលខ្លួនចតស្ងៀមបែបនោះបានរត់យករួចខ្លួនទុករថយន្តនៅកន្លែងកើតហេតុ។

យោងតាមសំដីរបស់លោកស៊ិន សុវណ្ណ ប្រធានផ្នែកចរាចរណ៍បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ត្រេន ឆៃរ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកឬស្សី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាលជិះម៉ូតូម្នាក់ឯង។

លោកស៊ិន សុវណ្ណបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងដូច្នេះគឺបណ្តាលមកពីខាងភាគីម្ចាស់រថយន្តចតមិនមានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ ដើម្បីសម្គាល់ ហើយម៉្យាងវិញទៀតដោយស្ថានភាពផ្លូវមានសភាពងងឹតផងទើបមានគ្រោះថ្នាក់កើតឡើងយ៉ាងដូច្នេះ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុវាស់វែង និងទំនាក់ទំនងប្រគល់រថយន្ត និងម៉ូតូជនរងគ្រោះឲ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សទុកដើម្បីម្ចាស់ចូលខ្លួនមកដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវដឹកតាមរថយន្តយកទៅតម្កល់ទុកនៅវត្តតាំងក្រសាំងរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕ ព្រែកជ័យ


ចែករំលែក៖