ខេត្តកណ្តាល៖ យុវជនម្នាក់ ក្នុងចំណោមមិត្តភ័ក្តិ៣នាក់ ត្រូវជនមិនស្គាល់មុខជិះម៉ូតូដេញតាមកាប់ប្រហារបណ្តាលឲ្យប្រកាច់ស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអធម្ម បន្ទាប់ពីជនរងគ្រោះជិះម៉ូតូជាមួយមិត្តភ័ក្តិ២នាក់ទៀតចេញពីជប់លៀង ត្រឡប់ទៅផ្ទះវិញក៍ត្រូវជនសង្ស័យជិះម៉ូតូតាមមកពីក្រោយកាប់ប្រហាតែម្តង ។
ករណីឃាតកម្មកាប់ប្រហារមិនញញើតដៃនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវលំក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិ_ឃុំកើតហេតុ ចំណែកមិត្តភក្តិ២នាក់ទៀតដែលឌុបជនរងគ្រោះចេញពីជប់លៀងត្រឡប់មកផ្ទះវិញមានឈ្មោះ គៀត ភារម្យភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ និងម្នាក់ទៀតមាន ឈ្មោះធី ប៊ុនធីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
តាមប្រភពពត៍មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះឈ្មោះរស្មី សាម៉ាឌី បានទៅចូលរួមកម្មវិធីជប់លៀងនៅផ្ទះមិត្តភក្តិឈ្មោះគៀត ភារម្យ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពោលគឺនៅភូមិជាប់គ្នា ក្នុងឃុំជាមួយគ្នា លុះដល់ម៉ោង៩ និង៣០ នាទីយប់ថ្ងៃដដែល មិត្តភក្តិរបស់ជនរងគ្រោះ២នាក់មានឈ្មោះ គៀត ភារម្យ ភេទប្រុស និងឈ្មោះធី ប៊ុនធីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានឌុបជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី ត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 1FP.3194 ដោយឈ្មោះគៀត ភារម្យ ជាអ្នកឌុបចំណែកឈ្មោះធី ប៊ុនធីម អង្គុយកណ្តាល រីឯជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី អង្គុយខាងក្រោយ ។ លុះជិះម៉ូតូដល់ចំនុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះគ្នា០២នាក់ ក្នុងទិសដៅស្របគ្នា បានយកវត្ថុរឹងមុតកាប់មកលើ ឈ្មោះ រស្មី សាម៉ាឌី ចំខាងក្រោមគុម្ពត្រចៀកខាងឆ្វេងបណ្តាលឲ្យដាច់រយះ ប្រវែង ៥,៥០សង់សុីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯជនសង្ស័យពេលធ្វើសកម្មភាពរួចក៏ជិះម៉ូតូរត់គេចខ្លួនដោយយកវត្ថុតាងទៅជាមួយ ។
ចំណែកឯសពឈ្មោះ រស្មី សាម៉ាឌី ក្រោយពីកម្លាំងជំនាញខេត្តពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
លោកសៀង រណ្ណឆៃ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកកៀនស្វាយបានឲ្យដឹងថា ករណីឃាតកម្មនេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុពិតនៅឡើយទេកំពុងតែស្រាវជ្រាវ ៕ សណ្តោស