ព័ត៌មានទាន់ហេតុការណ៍៖

រាជធានីភ្នំពេញនឹងមានស្ពានអាកាស២កន្លែងទៀត នៅរង្វង់មូលចោមចៅ និងនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវ២៧១

ចែករំលែក៖

ភ្នំពេញ៖ រាជធានីភ្នំពេញរបស់យើងនឹងមានស្ពានអាកាស២កន្លែងទៀត ដោយទី១មានទីតាំងនៅរង្វង់ចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ និងមួយកន្លែងនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ៦០ម៉ែត្រកែងនឹងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌចំការមននិងខណ្ឌមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយពីធីប្រគល់ និងទទួលស្ពាននិងផ្លូវលីយ៉ុងផាត់ពីក្រុមហ៊ុន​L.Y.P group របស់លោកឧកញ្ញា លីយ៉ុងផាត់ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃទី១៥តុលានេះ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ បច្ចុប្បន្នរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានជីវភាពរីកចម្រើន ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ម្នាក់ៗស្ទើរតែសឹងគ្រប់គ្នាមានរថយន្តសម្រាប់បើកបរ គឺមិនមែនមានតែក្នុងរាជធានីនោះទេ ចំណែកបងប្អូននៅតាមបណ្តាខេត្ត បងប្អូនបានប្រកបរបរកសិកម្ម បានផលយកទៅលក់ ហើយក៏បានចំណូលយកទៅទិញរថយន្ត ហើយបានធ្វើដំណើរចេញចូលក្នុងរាជធានីភ្នំពេញ។ បើតាមការប៉ាន់ស្មាន ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ទាំងអ្នកចេញចូល និងអ្នកស្នាក់នៅអចិន្រ្តៃយ៍ប្រហែលជិត៣លាននាក់ ហើយរថយន្តចេញចូលក៏ច្រើនសន្ធឹកសន្ធាប់ ដែលចាំបាច់ណាស់បញ្ហានេះត្រូវតែគិតគូបន្ថែម។

លោកបន្ថែមថា៖ គម្រោងក្នុងរាជធានីភ្នំពេញ នឹងស្ពានអាកាសនៅរង្វង់ចោមចៅមួយទៀត និងនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ៦០ម៉ែត្រ (ផ្លូវសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន)កែងនឹងផ្លូវ២៧១ នឹងធ្វើស្ពានអាកាសមួយទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ បានដោយសុវត្ថិភាព និងមិនមានការកកស្ទះចរាចរណ៍ ។

លោកបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋឥឡូវបានយល់ច្បាស់ថា តាំងពីទៅឲ្យគេផ្តាច់ជំនួយ ទៅឲ្យគេកុំបញ្ជាទិញផលិតផលចេញពីប្រទេសកម្ពុជា ទៅឲ្យគេកុំមកវិនិយោគនៅកម្ពុជា ដូច្នេះបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី នៅកម្ពុជា បានយល់ច្បាស់អស់ហើយនូវគ្រប់ចំណុចទាំងនេះ ដែលគេបានតែថា ។ រឿងដែលសំខាន់នៅពេលដែលជួបការលំបាកនោះ មិនដឹងថាអ្នកដែលថានោះនៅទីណា អត់ដែលមានមុខមកចូលរួមចំណែកជាមួយបងប្អូននោះទេ គឺមានតែសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវការពារសមិទ្ធផលនេះឲ្យបាន ត្រូវធ្វើយ៉ាងណាឲ្យសន្តិភាពមាននៅកម្ពុជា និងមានការអភិវឌ្ឍទៅមុខបន្តទៀត៕ សំរិត


ចែករំលែក៖