ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងផ្សារប្រសូត្រចាស់អំពាវនាវដល់អាជ្ញាធរអន្តរាគមន៍ជួសជុលផ្លូវលំមួយខ្សែដែលពិបាកក្នុងការធ្វើដំណើរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ផ្លូវលំមួយខ្សែដែលមានប្រវែងជាង២០០ម៉ែត្រ ទទឹង៧ម៉ែត្រ ផ្លូវចូល ក្នុងផ្សារប្រសូត្រចាស់ ស្ថិតក្នុងភូមិ ប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ខូចខាតស្ទើទាំងស្រុង ខណៈដែលមានភ្លៀងធ្លាក់ម្តងៗ ជាពិសេសការដឹក កសិផល របស់កសិករមកកាន់ទីផ្សារ ខណៈប្រជាពលរដ្ឋសូមអាជ្ញាធរអន្តរាគមន៍។

បើតាមលោក អ៊ុក ម៉ារ៉ាឌី ជាពលរដ្ឋម្នាក់រស់នៅភូមិប្រសូត្រ១ បានប្រាប់អោយដឹងថា ផ្លូវលំមួយខ្សែនេះពីដើម ជាផ្លូវចូលទៅផ្សារប្រសូត្រចាស់ (អតីតផ្សារប្រសូត្រចាស់) ហើយមានប្រជាជនរស់នៅប្រហែល៧០គ្រួសារ ហើយផ្លូវមួយនេះ មានសភាពតូចដោយប៉ុន្មានឆ្នាំកន្លងទៅនេះ ពលរដ្ឋបានរ៉ៃលុយគ្នាចាក់ដីពង្រីកផ្លូវបានធំបន្តិច និងងាយស្រួលធ្វើដំណើរផងដែរ។

ប្រភពខាងលើបានបន្តទៀតថា រហូតមកបច្ចុប្បន្ននេះផ្លូវចូលផ្សារប្រសូត្រចាស់នេះ គឺត្រូវខូចខាត់និងមានជង្ហុក បែករបាប់ដើរស្ទើរពុំរួចផងនោះ ពលរដ្ឋបាននាំគ្នាជីកកាយកាប់ និងរ៉ៃលុយគ្នាទិញ ដី ថ្ម គ្រួស យកមកចាក់ ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ពលរដ្ឋក៏ដូចជាកូនចៅពលរដ្ឋដែលធ្វើដំណើរសិក្សាផងដែរ។

ពលរដ្ឋរស់នៅភូមិ ប្រសូត្រ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀងសូមអំពាវ នាវដល់អាជ្ញាធរ ដែលមានការពាក់ព័ន្ធ ជាពិសេសថ្នាក់នាំខេត្តមេត្តាជួយជួសជុលផ្លូវមួយនេះផង ព្រោះអាណិតកូនសិស្ស ដែលជាកូនរបស់ពលរដ្ឋត្រូវធ្វើដំណើរតាមផ្លូវនេះ ដើម្បីទៅសិក្សារៀនសូត្របានស្រួលផង។

ពាក់ព័ន្ធករណីខាងលើនេះដែរលោក ឡឹក កង មេឃុំកណ្តៀងរាយ បានប្រាប់អ្នកសារព័ត៌មានថា ផ្លូវចូលផ្សារប្រសូត្រចាស់នេះ លោកធ្លាប់បានចុះធ្វើការសិក្សាវាស់វែង ដើម្បីជួសជុលនិងត្រៀម ដាក់លូចូល ទៅកលូហាវ៉េ ដើម្បីរំដោះទឹកកុំឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋ និងដាក់សំណើរសុំធ្វើផ្លូវបេតុងផងដែរ ក៏ប៉ុន្តែពុំទាន់មានថវិកាក្នុងស្ថាបនា ឬជួសជុលនោះទេ ដោយកញ្ចប់ថវិកាមូលនិធិឃុំ ត្រូវទៅជួសជុល កន្លែងផ្សេងៗដែលរងការខូចខាតខ្លាំងជាងនេះអស់ហើយ។

លោកមេឃុំបានដឹងទៀតថា ពាក់ព័ន្ធនិងជួសជុលផ្លូវនេះឡើងវិញ លោកបានដាក់ពាក្យសំណើរ ទៅខាង សាលាស្រុកស្វាយទាប រួចរាល់ហើយ និងរងចាំថវិកាមូលនិធិឃុំក្រោយៗទៀត ដោយថវិកាឃុំ១ឆ្នាំបាន តែម្តងប៉ុណ្ណោះ។ ដូច្នេះហើយសូមឲ្យប្រពលរដ្ឋមានការយោគយល់ផងថ្នាក់ដឹកនាំខេត្ត ក៏ដូចអាជ្ញាធរដែនដីគិតគូរ រឿង នេះខ្លាំងណាស់៕ យឹម សុថាន


ចែករំលែក៖