ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ច្រករបៀងខ្លះក្នុងខេត្តត្បូងឃ្មុំជាផ្លូវសម្រាប់នាំចូលម៉ូតូគេចពន្ធ

ចែករំលែក៖

គេរាយការណ៍ថា ម៉ូតូគេចពន្ធត្រូវបាននាំចូលពីប្រទេសវៀតណាមតាមច្រករបៀងក្នុងខេត្តត្បូងឃ្មុំ។ ទាំងសមត្ថកិច្ច និងឈ្មួញត្រូវប៉ាន់ដូចគ្នា ពីព្រោះថា ម៉ូតូគេចពន្ធមានតម្លៃថោក លក់ឲ្យប្រជាពលរដ្ឋនៅតាមទីជនបទយកទៅជិះកម្ទេចចោល។ រីឯសមត្ថកិច្ចក៏បិទភ្នែកឲ្យមានបទល្មើសជាថ្នូរនឹងផលប្រយោជន៍លុយកាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំអះអាងថា គឺពួកសមត្ថកិច្ចច្រកព្រំដែនជាអ្នកបើកដៃឲ្យឈ្មួញនាំម៉ូតូគេចពន្ធចូល។ រីឯសមត្ថកិច្ចថ្នាក់ខេត្តបានទទួលផលប្រយោជន៍តិចតួចប៉ុណ្ណោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូគេចពន្ធភាគច្រើននាំពីប្រទេសវៀតណាមដឹកតាមរថយន្តកូរ៉េឆ្លងកាត់ច្រករបៀងយកទៅលក់ឲ្យប្រជាពលរដ្ឋមួយចំនួននៅខេត្តកំពង់ធំ, កំពង់ចាម និងខេត្តក្រចេះ។ ម៉ូតូភាគច្រើនម៉ាកវ៉ែវ ដែលមានតម្លៃថោកសមរម្យសម្រាប់ប្រជាពលរដ្ឋនៅទីជនបទប្រើប្រាស់។ ដោយសារតែបញ្ហាតម្លៃម៉ូតូថោកសមរម្យនេះហើយ ទើបសមត្ថកិច្ចនៅច្រកព្រំដែនអះអាងថា បិទភ្នែកខ្លះដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ម៉ូតូទាំងនោះ។ ប៉ុន្តែការពិត ពួកមន្ត្រីមានសមត្ថកិច្ចបានប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ពីការអនុញ្ញាតឲ្យមានការនាំចូលម៉ូតូទាំងនោះដោយមិនបង់ពន្ធ។

កាលពីថ្មីៗនេះ មន្ត្រីនគរបាលបានចាប់ម៉ូតូគេចពន្ធមួយរថយន្តនៅចំណុចភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ចខ្លួនឯងនិយាយថា ដោយសារតែថៅកែនាំម៉ូតូគេចពន្ធនោះមិនឲ្យលុយពួកគេ។ ប្រភពបានសង្កត់ធ្ងន់ថា ករណីខ្លះមន្ត្រីនៅតាមព្រំដែនយកលុយពីឈ្មួញនាំចូល ហើយមន្ត្រីនៅខាងក្នុងចាំចាប់ថែមទៀត ដែលបញ្ហានេះធ្វើឲ្យឈ្មួញប្រឈមនឹងការខាតបង់យ៉ាងខ្លាំង។ ខេត្តត្បូងឃ្មុំត្រូវគេអះអាងថា គ្រាន់តែជាកន្លែងឆ្លងកាត់បទល្មើស«ឈើ»ប៉ុណ្ណោះ ។ ដូច្នេះសមត្ថកិច្ចសើមមាត់គ្រប់ពេល៕


ចែករំលែក៖