ភ្នំពេញ៖ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក និងដកហូតបានម៉ូតូចំនួន២គ្រឿង ហើយជនសង្ស័យទាំង៤នាក់នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានទូតបារាំង ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សារ (ឆក់កាបូបស្ពាយ) ដោយ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការធ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ទី១-ឈ្មោះ ឡេង ឆេងគ័រ ភេទប្រុស អាយុ២០ឆ្នាំ, ទី២-ឈ្មោះ សួន ពិទូ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៣-ឈ្មោះ ភឿន សុវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៤-ឈ្មោះ ប៉ុន ដារ៉ាវុធ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង៤នាក់នេះស្នាក់នៅសង្កាត់-ខណ្ឌជ្រាយចង្វា ។
ជនរងគ្រោះ មិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល ២០ឆ្នាំ មិនបានដាក់ពាក្យបណ្ដឹង ។
សម្ភារបាត់បង់មាន: កាបូបស្ពាយ ចំនួន១ មិនដឹងមានអ្វីខ្លះ ព្រោះជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ។
វត្ថុតាងចាប់យក: ម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាកស៊ុយស៊ីគីនិច ពណ៍ស ស្លាកលេខ ភ្នំពេញ 1GM-4930 និងម៉ាកSUZUKI NEX បិតស្កុត ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1CY-5846 ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងម៉ូតូ ចំនួន០២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ស តារា