តំណាងកូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងជើងទទួលរងការគំរាមកំហែង ដោយផ្ទាល់ពីអាមេរិកចាប់តាំងពីឆ្នាំ១៩៧០មក។ ទីក្រុងវ៉ាស៊ីនតោនបានឡើងគម្រោងសម្ងាត់ក្នុងការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង។
កាលពីថ្ងៃទី១៦ ខែតុលា សហគមន៍ អឺរ៉ុប បានចេញច្បាប់ដាក់ទណ្ឌកម្ម ហាមប្រាមដឹកជញ្ជូនទៅលើកូរ៉េខាងជើង ។ ក្នុងពេលជាមួយគ្នានោះឯអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅ អង្គការសហប្រជាជាតិបាន ព្រមានថា សង្គ្រាមបរមាណូអាចនឹងកើត ឡើង គ្រប់ពេលវេលា។
មានប្រសាសន៍ ទៅកាន់គណៈកម្មការ លុបបំបាត់អាវុធ របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៦ ខែតុលា ឯអគ្គរដ្ឋទូត រងកូរ៉េខាងជើង លោក Kim In Ryong បានព្រមានថា ស្ថានភាពនៅឧបទ្វីបកូរ៉េ ឈានដល់ដំណាក់កាលអាក្រក់បំផុត ហើយសង្គ្រាមបរមាណូអាចកើតឡើងគ្រប់ពេលវេលា។ លោកគីមបន្តទៀតថា កូរ៉េខាង ជើង ជាប្រទេសតែមួយគត់នៅលើពិភព លោក ដែលកំពុងរងការគំរាមកំហែងវាយប្រហារដោយបរមាណូពីអាមេរិក ចាប់តាំង ពីឆ្នាំ១៩៧០ មកហើយទីក្រុងព្យុងយ៉ាងចាំបាច់ត្រូវតែមានអាវុធបរមាណូដើម្បីការពារខ្លួន។
កាលពីថ្ងៃទី១៦ ខែតុលា អាមេរិកនិងកូរ៉េខាងត្បូងក៏បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅឧបទ្វីបកូរ៉េ បើទោះមានការគំរាមកំហែងពីកូរ៉េខាងជើងក្តី។ មន្ត្រី ការទូតកូរ៉េខាងជើង បានបញ្ជាក់ថា ការធ្វើសមយុទ្ធរបស់អាមេរិកនៅកូរ៉េខាងត្បូងគឺបានប្រើប្រាស់យុទ្ធសាស្ត្រ បរមាណូ។ ក្រៅពីនេះទីក្រុងវ៉ាស៊ីនតោនមានគម្រោងសម្ងាត់ក្នុងការសម្លាប់មេដឹកនាំកូរ៉េខាង ជើងទៀតផង។
កូរ៉េខាងជើង បានព្រមានថា ទឹកដីអាមេរិកទាំងមូលគឺស្ថិតនៅក្នុងគោលដៅវាយប្រហារពីកូរ៉េខាងជើង ដោយមីស៊ីល បំពាក់ក្បាលគ្រាប់បរមាណូ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈ្លានពានកូរ៉េខាងជើងនោះ អាមេរិកនឹងទទួលរងការវាយប្រហារពីកូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំ នាទីក្រុង Luxembourg កាលពីថ្ងៃទី១៦ ខែតុលា សហ គមន៍អឺរ៉ុប EU បាន សម្រេចដាក់ទណ្ឌកម្ម ដោយហាមលក់ផលិតផល ប្រេងដល់ កូរ៉េខាងជើងព្រោះអឺរ៉ុបចាត់ទុកថា កូរ៉េខាងជើងគឺជាការគំរាមកំហែងដល់ពិភពលោកទាំងមូល។ ក្រៅពីនេះអឺរ៉ុបក៏បានសម្រេច ឈប់ផ្តល់លិខិត ដល់ពលករកូរ៉េខាងជើងនៅតាមបណ្តាប្រទេសអឺរ៉ុបផងដែរ ។ បច្ចុប្បន្នកូរ៉េខាងជើងមានពលករប្រមាណ ៤០០នាក់ធ្វើការនៅអឺរ៉ុប ក្នុងនោះមាន ភាគច្រើននៅក្នុងប្រទេសប៉ូឡូញ។
ចំណែកប្រធានាធិបតីរុស្ស៊ីលោកពូទីន កាលពីថ្ងៃទី១៦ ខែតុលាក៏បានចុះហត្ថ លេខា កាត់បន្ថយទំនាក់ទំនងជាមួយកូរ៉េខាងជើងដែរ ដែលជាការបង្ហាញដល់ការគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដែលបាន អនុម័តនាពេលកន្លងមក។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ ប្រធានអគ្គសេនាធិការចម្រុះ (JCS) របស់ កូរ៉េខាងត្បូង បានលើកឡើងថា កងកម្លាំងយោធាកំពុងពិចារណាលើផែនការ ប្រតិ បត្ដិការថ្មីមួយ ដើម្បីប្រឆាំងនឹងការគំរាម កំហែងកម្រិតខ្ពស់ពីកូរ៉េខាងជើងនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៧។
ឧត្តមសេនីយ៍ឯកលោក ជុង គីយ៉ុងដូ បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុង ពេលសវនកម្មសភា ដោយបានលើកឡើងថាវាដាច់ដោយឡែកពីផែនការប្រតិបត្ដិការ ដែលបានបង្កើតឡើងដោយទីក្រុង សេអ៊ូល និងវ៉ាស៊ីនតោន ដើម្បីដោះស្រាយការឈ្លានពានដ៏មានសក្តានុពលរបស់កូរ៉េខាងជើង និងការបង្កហេតុធំ ៗផ្សេងទៀត។
លោកបញ្ជាក់ថា “យើងកំពុងប្រមើល មើលផែនការ ប្រតិបតិ្តការថ្មីមួយ ដែល ប្រឈម នឹងការគំរាមកំហែងកម្រិតខ្ពស់ថ្មីៗរបស់កូរ៉េខាងជើង ដោយផ្អែកលើការ សម្របសម្រួល នៃលក្ខខណ្ឌ រួមទាំង សមត្ថភាពរបស់យើងនោះគឺជាបញ្ហា ដែលយើងបានបន្ត ពិនិត្យឡើងវិញ” ៕ ម៉ែវ សាធី