ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិនកំពុងពេញនិយមចាប់ផ្តើមដាំផ្កាស្បៃរឿងជាដំណាំថ្មីដែលមានតម្លៃទីផ្សារខ្ពស់នាំចេញយកទៅលក់ក្នុងប្រទេសថៃនិងលក់នៅក្នុងស្រុក

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនត្រូវគេមើលឃើញថា ក្នុងរយៈពេលប្រហែល២ឆ្នាំចុងក្រោយនេះបានកំពុងចាប់អារម្មណ៍ដាំដំណាំផ្កាស្បៃរឿង គឺជាដំណាំថ្មី១ សម្រាប់ការដាំដុះនៅក្នុងទឹកដីខេត្តប៉ៃលិន គ្រាដែលតម្លៃទីផ្សារផ្កាស្បៃរឿង កំពុងតែមានហាងឆេងទីផ្សារខ្ពស់ សម្រាប់នាំចេញយកទៅលក់នៅប្រទេសថៃនិងសម្រាប់លក់នៅក្នុងស្រុកផងដែរ ។

ផ្កាស្បៃរឿងជាប្រភេទផ្កា ដែលមានពណ៌លឿងទុំស្រស់ស្អាត មើលទៅគួរជាការទាក់ទាញ ហើយផ្កាប្រភេទនេះ កំពុងមានតែមានតម្រូវនៅលើទីផ្សារនាំចេញទៅប្រទេសថៃ ប្រមាណ៩០ភាគរយ និងតម្រូវការនៅក្នុងស្រុកប្រមាណ១០ភាគរយប៉ុណ្ណោះ ត្រូវបានគេពេញនិយមទិញយកទៅប្រើប្រាស់រៀបចំតុបតែងនៅក្នុងពិធីផ្សេងៗ។

ផ្កាស្បៃរឿងបើតាមអាជ្ញាធរនៃខេត្តប៉ៃលិនឱ្យដឹងថា មានប្រជាពលរដ្ឋប្រហែល១០គួ្រសារ កំពុងដាំដុះផ្កាប្រភេទនេះឡើងអ្នកខ្លះដាំចាប់ពីមួយហិកតារហូតទៅដល់ទៅ៣ហិកតា ហើយគេរំពឹងថាដំណាំផ្កាស្បៃរឿងនេះ និងត្រូវបានប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនចាប់ផ្តើមដាំដុះរីកដុះជាបន្តបន្ទាប់ទៀត ក្រៅពីដំណាំកសិកម្មមួយចំនួនទៀតនៅក្នុងខេត្តប៉ៃលិន។

ម្ចាស់ចំការស្បៃរឿងម្នាក់មានឈ្មោះ លោក ពៅ បានប្រាប់ឱ្យដឹងថា៖ គាត់បានដាំដុះដំណាំផ្កាស្បៃរឿងនេះ លើផ្ទៃដីចំនួន ១ហិចតា ដោយទិញពូជន៍មកពីក្រុមហ៊ុននៅក្នុងប្រទេសថៃ ក្រោយពីប្រមូលបានផលខាងក្រុមហ៊ុនគេទទួលទិញផ្កាពីយើងវិញទៅតាមតម្លៃទីផ្សារនៅក្នុងប្រទេសថៃ។

លោកបានបន្តថា៖ ការដាំដំណាំផ្កាស្បៃរឿងនេះចំណាយទុនច្រើនផងដែរ ដោយតម្លៃពូជន៍១គ្រាប់១២០រៀល និងតម្លៃផ្កា១ទងបើប្រភេទលេខ១ក្នុង១ទងតម្លៃ១០០រៀលចាប់ពី លេខ២ដល់ប្រភេទលេខ៣ក្នុង១ទងលក់បាន២០រៀល ដល់៥០រៀល។ ដោយការប្រមូលផលក្នុងមួយរដូវយ៉ាងហោចណាស់២០ដងផងដែរ។

លោកប្រាប់ដឹងទៀតថា ការដាំដុះផ្កាសស្បៃរឿង មិនងាយស្រួលប៉ុន្មាននោះទេទាមទារការដាំដុះអនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទើបទទួលបានទិន្នផលប្រកបដោយគុណភាព។ គាត់បានទៅរៀនសូត្របច្ចេកទេសនៅក្រុមហ៊ុនក្នុងប្រទេសថៃ ។ដំណាំផ្កាស្បៃរឿងទាមទារការប្រើប្រាស់ទឹកគ្រប់គ្រាន់ផងដែរ។

ពាក់ព័ន្ធនិងការដាំដុះផ្កាស្បៃរឿងនៅប្រភេទដំណាំថ្មីលើទឹកដីខេត្តប៉ៃលិនលោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍និងជម្រុញឱ្យប្រជាពលរដ្ឋនៅខេត្តប៉ៃលិនប្រកបមុខរបរធ្វើកសិកម្មត្រូវងាកមកដាំដំណាំផ្កាស្បៃរឿងពីព្រោះថាកំពុងវាមានហាងឆេងទីផ្សារ និងមិនភ័យខ្លាចគ្មានទីផ្សារនោះឡើយដោយមានក្រុមហ៊ុនគេរងចាំទទួលទិញ ហើយអាជ្ញាធរខេត្តប៉ៃលិនក៏បានបង្កលក្ខណៈងាយស្រួលសម្រួលដល់កសិករសម្រាប់ការនាំចេញផ្កាស្បៃរឿងយកទៅលក់នៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា៖ខេត្តប៉ៃលិនជាខេត្តមួយដែលគេចាត់ទុកថា មានដីប្រកបដោយជីវជាតិសម្រាប់ជាអំណោយផលដល់ការធ្វើកសិកម្មរបស់កសិករខ្មែរនៅក្នុងខេត្តប៉ៃលិន។ខេត្តប៉ៃលិន ក៏មានសក្តានុពលខ្ពស់នៃការផលិតដាំដុះដំណាំកសិកម្មផងដែរ៕ សំ វិច្ឆិកា

 

 


ចែករំលែក៖