ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី “និទ្ទេស A” ២៦​រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សាថ្មី

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មពិធីសំណេះសំណាល និងចែក រំ​លែក​​​បទពិសោធន៍ការសិក្សារបស់សិស្សប៊ែលធី និន្ទេស A ចំនួន ២៦រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលនឹងត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៧-២០១៨ នេះ ចំនួន ១,៤៦៧នាក់ ក្រោម​អធិបតីភាព​ លោកលី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី។

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុបបានឲ្យដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២១ សាខា​​ ក្នុងនោះ ១៨សាខា កំពុងដំណើរការនិង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៣៤.៦២៩នាក់។ ក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងមកនេះ សិស្សប៊ែលធីដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជ្រើសរើសយក ការប្រលងថ្នាក់វិទ្យាសាស្ត្រ មានចំនួន​ ១.១៧៣នាក់ ក្នុងនោះ និទ្ទេស A ២៦នាក់(និទ្ទេស A លេខ១ ទូទាំងប្រទេស) និទ្ទេស B ៩៨នាក់ និទ្ទេស C ១៣៤នាក់និទ្ទេស D ១៦៥នាក់ និងនិទ្ទេស E ៤៥៨នាក់។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង ២៦រូប និងសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់​ឱកាស និងជំរុញ​ឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។ លើសពីនេះទៀត ឯកឧត្តម ក៏បានកោតសរសើរចំពោះ សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុង​ក្រោយ​នេះ៖​

១-ឆ្នាំ២០១៧នេះ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០។

២-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០ ។

៣-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩។

ជាទីបញ្ចប់ លោក អគ្គនាយក និងលោកស្រី បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ២៦រូប ដែលត្រូវទៅបន្តការសិក្សាឯក្រៅប្រទេស ដូចជា ប្រទេសសិង្ហបុរី ថៃ ចិន ជប៉ុន និងប្រទេសកាណាដា ព្រមទាំង ឧបត្ថម្ភ​​​ថវិកា​សម្រាប់ការចំណាយផ្សេងៗក្នុងម្នាក់ៗ ២,០០០ដុល្លារ។ ដោយឡែកសិស្ស និទ្ទេស A លេខ១ ទូទាំងប្រទេស ស គីមស៊ា លោក បានឧបត្ថម្ភថវិកា ៥,០០០ដុល្លារ សម្រាប់ឆ្នាំដំបូង និង៣,០០០ដុល្លារ សម្រាប់ឆ្នាំបន្តបន្ទាប់ រហូតដល់​បញ្ចប់​ថ្នាក់បរិញ្ញាបត្រ។ ជាមួយ​គ្នា​នេះ​ដែរ លោ​កគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលបង្រៀនសិស្សជាប់និទ្ទេសA ក៏ទទួលបានលិខិតសរសើរ និងថវិកា​លើកទឹកចិត្តក្នុងម្នាក់ៗ១០០ដុល្លារ ផងដែរ៕ ស រស្មី

 


ចែករំលែក៖