ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! សង្ស័យម្ចាស់ងងុយដេកបើកបុកមាត់លូធ្លាក់ចូលស្រះធ្លាយចេញសុទ្ធតែឈើគ្រញូង

ចែករំលែក៖

ខេត្តស្វាយរៀង​ ៖ រថយន្តហាយឡែនឌ័រ ១គ្រឿង សង្ស័យម្ចាស់ ងងុយដេក បើកបុកមាត់លូ ធ្លាក់ស្រះធ្លាយចេញ សុទ្ធតែឈើគ្រញូង នាំឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ឆោមរោមមើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង នៅវេលាមោង៣ ទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា មានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ប្រដេញបន្តកន្ទុយ​គ្នាស្រាប់លឺសំឡេងសូរគ្រាំង ក្រឡេកមើលទៅឃើញរថយន្តហាយឡែនឌ័យ ១គ្រឿង ធ្លាក់ក្នុងស្រះទឹកទៅ ហើយដោយក្នុងរថយន្តនោះសុទ្ធឈើប្រណីត ប្រភេទគ្រញូង រីឯអ្នកបើកបរវិញ​បើកទ្វារហៅគ្នីគ្នា​រំដោះខ្លួន​រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនិងឈើ ពេញរថយន្តផ្អើលអស់ សមត្ថកិច្ចគ្រប់ស្ថាប័ន ចុះមកឡោមព័ន្ធរថយន្ត និងហៅរថយន្តស្ទួចយកទៅរដ្ឋបាលព្រៃឈើខេត្ត ។

ពលរដ្ឋបានបន្តទៀតថា ក្រុមរថយន្តដែលបើកធ្លាក់ស្រះនេះ ជារៀងរាល់យប់ ឃើញបើកបរលើផ្លូវនេះ ជាច្រើន គ្រឿង តែមិនដឹងថា ដឹកអីនោះទេ ស្រាប់តែបើកធ្លាក់ស្រះឃើញ សុទ្ធតែឈើគ្រញូងជាច្រើនដុំទៅវិញ ។

សមត្ថកិច្ចម្នាក់ បានបន្ថែមទៀតថា ក្រុមរថយន្តដឹកឈើគ្រញូងនេះ ដឹកមកពីខេត្តភាគខាងលិច ឆ្លងកាត់ ខេត្តស្វាយរៀង ឆ្លងដែនតាមច្រករបៀងសំយ៉ោង និងច្រកដីថ្មី ភូមិជុបព្រីង ឃុំថ្មីស្រុក កំពង់រោទ៍ ឆ្ពោះទៅ ប្រទេសវៀតណាម ដោយឈ្មួញវៀតណាមចាំទទួលទិញនៅព្រំដែន ដោយមានការត្រូវរ៉ូវគ្នា ពីសមត្ថកិច្ចគ្រប់ស្ថាប័ន ទើបការដឹកជញ្ជួនឈើនេះ បានទៅយ៉ាងរលូន ។

ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញឈើទាំងនេះ ប្តូររូបភាពពីការដឹកតាមរថយន្តធំ មកដឹកតាមរថយន្ត ស៊េរីទំនើបៗ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច តែទោះជាយ៉ាងណាសមត្ថកិច្ច ជំនាញពិតជាបាន ដឹងច្បាស់​ណាស់ កុំតែធ្លាក់ស្រះការដឹកជញ្ជួនឈើ ពុំបានរាំងស្ទះនោះឡើយ ជាពិសេសសមត្ថកិច្ចព្រំដែនតែម្តង ដែលជា​អ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញ ចរាចរណ៍ឈើគ្រញូងនេះ ។

លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំងចុះផ្ទាល់ និង ហៅរថយន្តស្ទូចយករថយន្តដឹកឈើ យកមករដ្ឋបាលព្រៃឈើខេត្ត ដើម្បីវាស់វែងចំនួនឈើទាំងនោះ ចាត់ការ តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖