ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ផឹកស៊ី​ក្លែមសំដី​បង្កឲ្យកើតអំពើហិង្សា ដោយចេតនា រហូតកាប់គ្នាស្លាប់ពេលបញ្ជូនទៅពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរស២នាក់ផឹកស៊ីក្លែមសំដីរហូតផ្ទុះកំហឹងបង្កឲ្យកើតអំពើហិង្សា ដោយចេតនា ទាញកំបិតកាប់ក្បាល ជនរងគ្រោះ រងរបួសធ្ងន់ កាលពី វេលាម៉ោង២៣ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវកែងខាងលិចក្នុងភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យ និងស្រាវជ្រាវរហូតដល់ម៉ោង04,00 នាទីទៀបភ្លឺ ឈានចូលថ្ងៃទី18 ខែតុលា ឆ្នាំ 2017 ទើប ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បាន។

ជនសង្ស័យឈ្មោះ ង៉ែត រ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិខ្លាក្រហ៊ឹម ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលបានមកស្នាក់នៅមើលឪពុកម្តាយក្មេកឈឺនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ចំណែក ជនរងគ្រោះ ឈ្មោះ អ៊ឹម ឃន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ។

មូលហេតុ មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានផឹកស៊ីជុំគ្នា ក្រោយពីផឹកស៊ីបានមួយសន្ទុះធំ ទឹកប្ដូរនិស្ស័យបានជ្រួតជ្រាបពេញខ្លួនហើយនោះ បែរជាជនសង្ស័យថា ជនរងគ្រោះឈ្មោះ អ៊ឹម ឃន បង្ខំឲ្យខ្លួនផឹកស្រា លុះផឹករួចក៏យកកែវស្រាបោកចោល ពេលនោះជនរងគ្រោះឈ្មោះ អ៊ឹម ឃន ខឹងដើរទៅរករឿងជនសង្ស័យ ដល់ផ្ទះ ពេលនោះ​ជនសង្ស័យខឹង ក៏ទាញកាំបិតកាប់ក្បាល ជនរងគ្រោះបែក រហូតដល់ស្លាប់ពេលបញ្ជូនទៅពេទ្យ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច បានបញ្ជូន ទៅសួរនាំនៅអធិការដ្ឋានគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការខេត្តកំពង់ធំ​ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន រិទ្ធី​

 


ចែករំលែក៖