ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់អ្នកលេងបៀភ្លេចបាយភ្លេចទឹក៨នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រុមញៀនលេងបៀមិនខំប្រឹងប្រែងប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីសន្សំលុយកាក់ទុក បែរជាប្រមូល ផ្តុំគ្នាប្រព្រឹត្តបទល្មើស ត្រូវនគរបាលក្របួចទាំងសម្បុកយកទៅអប់រំ។ ហេតុការណ៍ចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីញៀននឹងល្បែងនេះ បានធ្វើឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះស្ត្រីម្នាក់ឈ្មោះ អុក រស់នៅភូមិប៉ាងរលឹម សង្កាត់ អូរតាវៅ ក្រុង-ខេត្តប៉ៃលិន។

លោកវរសេនីយ៍ឯក ឆម វ៉ាន់ធី នាយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ អៀម សំរិទ្ធិ ភេទប្រុស អាយុ៥៩ឆ្នាំ មុខ របរកម្មករ ទី២.ឈ្មោះ គើន អូន ភេទស្រី អាយុ២៤ឆ្នាំ ទី៣.ឈ្មោះ ណុច ម៉ៅ ភេទ ស្រី អាយុ៥៣ឆ្នាំ ទី៤.ឈ្មោះ ឈៀង ស្រី លីន អាយុ២៥ឆ្នាំ មេផ្ទះ ទី៥.ឈ្មោះ យូ ស្រីមុំ អាយុ៤៧ឆ្នាំ ជាមេផ្ទះ ទី៦.ឈ្មោះ ចាន់ ផាត អាយុ៤៥ឆ្នាំ ទី៧.ឈ្មោះ លី រួន ភេទស្រី អាយុ៣៣ឆ្នាំ មេផ្ទះ ទី៨.ឈ្មោះ មឿន ស្រីនាង អាយុ៣៧ឆ្នាំ មេផ្ទះ។ អ្នក ទាំង៨នាក់នេះ រស់នៅភូមិប៉ាងរលឹម សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន។

មន្ត្រីចុះបង្ក្រាបបានឱ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិថា មានមនុស្សក្មេងចាស់ ប្រុសស្រីជាច្រើននាក់ សម្ងំអង្គុយលេង បៀ ទើបកម្លាំងនគរបាលបានប្រតិបត្តិ ការចុះឆ្មក់ទៅឃាត់ខ្លួនបាន៨នាក់ ក្នុង នោះប្រុសម្នាក់។

ប្រភពបន្តទៀតថា ខណៈនគរបាល ចុះបង្ក្រាប ខាងជំនាញបានដកហូតបៀ ៧៥សន្លឹក និងកន្សែងក្រាលលេងចំនួន២ និងប្រាក់មួយចំនួន បញ្ជូនទៅស្នងការ ដ្ឋាននគរបាលខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ ណែនាំ និងផាកពិន័យរួចទើបដោះលែង ឱ្យត្រឡប់ទៅផ្ទះវិញ៕ ស សារ៉េត


ចែករំលែក៖