ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញដកហូតសិទ្ធិគ្រប់គ្រងស្វ័យភាពតំបន់កាតាឡូនៀ

ចែករំលែក៖

អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញ លោក Inigo Mendez De Vigo បានប្រកាសនៅ ក្នុងសន្និសីទកាសែតនៅទីក្រុង រៀលម៉ា ឌ្រីដ ស្តីពីស្ថានភាពនៅតំបន់កាតាឡូនៀ ថា រដ្ឋាភិបាលអេស្ប៉ាញបានប្រកាសលុបចោលតំបន់គ្រប់គ្រងស្វ័យភាពតំបន់កាតាឡូនៀ ក្រោយពេលមេដឹកនាំនៅក្នុងតំបន់នេះប្តេជ្ញាទាមទារឯករាជ្យ។

ឱសានុវាទដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy បានដាក់ឲ្យមេ ដឹកនាំតំបន់កាតាឡូនៀលោក Carles Puigdemont បានផុតកំណត់នៅវេលា ម៉ោង ១០ព្រឹក ថ្ងៃទី១៩ ខែតុលា ឲ្យបោះបង់ ការទាមទារឯករាជ្យ ហើយបើមិនអនុវត្ត តាមទេនោះ ត្រូវដកហូតសិទ្ធិគ្រប់គ្រងស្វ័យភាពក្នុងតំបន់នោះតែម្តង។

នៅពេលនេះដែរ មេដឹកនាំតំបន់កាតា ឡូនៀ លោក Puigdemont បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីអេស្ប៉ាញ ដោយ ក្នុងនោះបានបញ្ជាក់ថា «ប្រសិនបើរដ្ឋា ភិបាលអេស្ប៉ាញ នៅតែបន្តដាក់គំនាប និងរារាំងការចរចា នោះសភាតំបន់កាតាឡូនៀនឹងបោះឆ្នោតអនុម័តការប្រកាស ឯករាជ្យជាផ្លូវការ។

ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអេស្ប៉ាញបានប្រកាសថា នឹងអនុវត្តមាត្រាទី១៥៥ នៅក្នុងរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យលុបចោលតំបន់គ្រប់គ្រងស្វយ័តនៅក្នុងតំបន់កាតា ឡូនៀ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានកោះប្រជុំជាបន្ទាន់ស្តីពីបញ្ហាខាងលើ នៅ ថ្ងៃទី២១ ខែតុលា។

នៅពេលនេះគេមិនទាន់ដឹងថា សភា តំបន់កាតាឡូនៀនឹងធ្វើការបោះឆ្នោតអនុម័តឯករាជ្យជាផ្លូវការចេញពីអេស្ប៉ាញ ឬយ៉ាងណានោះទេ។ ក្នុងពេលនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញបានស្នើដល់សភា ពិភាក្សាលើមាត្រាទី១៥៥ ក្នុងការដកហូតសិទ្ធិគ្រប់គ្រងស្វយ័តតំបន់កាតាឡូនៀ។ តាមច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលអេស្ប៉ាញ មានសិទ្ធិរំលាយរដ្ឋាភិបាលតំបន់ស្វយ័តគ្រប់ពេល និងគ្រប់គ្រងលើកម្លាំងប៉ូលិស ប្រព័ន្ធហិរញ្ញវត្ថុ។

ប៉ុន្តែសកម្មភាពបែបនោះ ត្រូវបាន គេចាត់ទុកថានឹងបង្កឲ្យមានអសន្តិសុខ នយោបាយនៅក្នុងប្រទេសអេស្ប៉ាញកាន់តែខ្លាំងឡើង។ តំបន់កាតាឡូនៀ មានពល រដ្ឋជាង៧,៥លាននាក់ ជាតំបន់ផ្តល់ប្រាក់ចំណូលយ៉ាងសំខាន់ ដល់រដ្ឋាភិបាល អេស្ប៉ាញ គឺមានរហូតដល់២០ភាគរយ នៃ GDP របស់អេស្ប៉ាញ។

នៅពេលនេះក្រុមហ៊ុនជាង៨០០ បានចាកចេញពីតំបន់កាតាឡូនៀដោយខ្លាចមានអសន្តិសុខ ធ្វើឲ្យក្រុមហ៊ុនត្រូវខាត បង់ជាច្រើន។ រដ្ឋាភិបាលអេស្ប៉ាញបាន ទម្លាក់កំហុសទៅឲ្យតំបន់កាតាឡូនៀ ដែលធ្វើឲ្យសេដ្ឋកិច្ចអេស្ប៉ាញធ្លាក់ចុះ រយៈពេលចុងក្រោយនេះ៕ ម៉ែវ សាធី


ចែករំលែក៖