គម្រោងលុបចោលកិច្ចព្រមព្រៀងបរមាណូរបស់ប្រធានាធិបតីត្រាំត្រូវបាន អតីតមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលលោកអូបាម៉ាថ្កោលទោសយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះសម្ពន្ធមិត្តរបស់អាមេរិក នៅអឺរ៉ុបក៏មិនពេញចិត្តនឹងសកម្មភាព បែប នេះរបស់លោកត្រាំផងដែរ។
កាលពីថ្ងៃទី១៩ខែតុលា អតីតរដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក លោក John Kerry បានឲ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ ហាក់ប្រថុយជំរុញអុីរ៉ង់ ឲ្យឆ្ពោះទៅរកការពង្រីកអាវុធនុយក្លេអ៊ែរ និងធ្វើឲ្យវិបត្តិ ជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង កាន់តែមានភាពអាក្រក់ខ្លាំងឡើង ប្រសិន បើទីក្រុងវ៉ាស៊ីនតោន បញ្ចប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអុីរ៉ង់។
រូបលោក ដែលបានធ្វើការចរចា កិច្ច ព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ រវាងអុីរ៉ង់ នឹងមហាអំណាចពិភពលោក បានថ្លែង បែបនេះ ក្នុងពេលមួយសប្ដាហ៍ បន្ទាប់ពី លោក ត្រាំ បានធ្វើការបដិសេធមិនទទួល ស្គាល់ថា អុីរ៉ង់កំពុងតែអនុវត្ត តាម លក្ខខណ្ឌកិច្ចព្រមព្រៀង ស្របពេលមាន ភាពតានតឹង កំពុងតែកើនខ្លាំងឡើង ជាមួយទីក្រុងព្យុងយ៉ាង ជុំវិញកម្មវិធីនុយ ក្លេអ៊ែរ និងមីស៊ីលផ្លោង។
យោងតាម ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ លោក John Kerry បានមាន ប្រសាសន៍ថា ការបញ្ចប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរ អាចនាំឲ្យអុីរ៉ង់ លាក់បាំងនូវទីតាំងផលិតកម្មវិធីនុយក្លេអ៊ែរ នៅបាតភ្នំដ៏ ជ្រៅ ដែលមិនអាចរកឃើញ ដូច្នេះសេណា រីយោ ដែលលោក ត្រាំ បើកចំហ ដោយ និយាយថា “ចូរកម្ចាត់កិច្ចព្រមព្រៀង” នោះ គឺពិតជាការរីកសុសសាយអាវុធនុយក្លេអ៊ែរ ដែលមានការបំផ្លិចបំផ្លាញ និង គ្រោះថ្នាក់កាន់តែខ្លាំង។
ជាមួយគ្នានេះ បណ្ដាមេដឹកនាំសហ ភាពអឺរ៉ុប បានឲ្យដឹងថា ពួកគេនឹងបញ្ជាក់ ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អុីរ៉ង់ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធមិនបញ្ជាក់ ពីកិច្ចព្រមព្រៀងនេះក៏ដោយ ប៉ុន្តែប្រសិន បើក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញនោះអុីរ៉ង់ ថា ខ្លួននឹងកាត់ផ្តាច់កិច្ចព្រមព្រៀងខាងលើ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧។
ក្រុមអ្នកជំនាញបានប្រាប់ទីភ្នាក់ងារស៊ីនហួថាកិច្ចសន្យានោះ បានបន្សល់ទុកនូវកិច្ចព្រមព្រៀងខាងលើនេះ ហើយបើយោង តាមរបាយការណ៍ សារព័ត៌មានអឺរ៉ុប បាន ឲ្យដឹងថា បណ្ដាមេដឹកនាំសហភាពអឺរ៉ុប នឹងបញ្ជាក់ជាថ្មីថា ពួកគេប្តេជ្ញារក្សាទុកកិច្ចព្រមព្រៀងអន្តរជាតិ នៃមហាអំណាចពិភព លោក៕ ម៉ែវ សាធី