ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ឆក់​សម្ភារ​ភ្ញៀវទេសចរណ៍​បរទេស​តាម​ឆ្នេរ​សមុទ្រ​អូរ​ត្រេះ​ពីរ​នាក់​ត្រូវ​នគរបាល​ស្ទាក់​ដេញ​ចាប់​បាន​ភ្លាម​ៗ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា៖ នៅ​វេលា​ម៉ោង​១៧ល្ងាច ថ្ងៃទី​២០​ ខែតុលា​ ឆ្នាំ​២០១៧​ ​ ជន​សង្ស័យ​២នាក់​ បាន​ធ្វើសកម្មភាព​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​បរទេស​ នៅតាមផ្លូវឆ្នេរអូរត្រេះ​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ក្រោយ​កើតហេតុ​ ត្រូវ​បាន​មហាជន​ស្រែកចោរៗ ភ្លាម​ៗ​ នោះ​ កម្លាំង​អន្តរាគមន៏៍ម៉ូតូប្រដេញ បាន​ទាក់ទង​គ្នា​ តាម​វិទ្យុ​ទាក់ទង​ ដេញ​ស្ទាក់​គ្រប់​ច្រក​ល្ហក​ ក្នុង​រយៈ​ពេល​ ប្រមាណ​ជិត​២០នាទី​ បង្ក្រាបបានទាំងស្រុង ដោយ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន២នាក់៖ ១.ឈ្មោះ​សុខ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិបត់​គគី ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុកព្រៃនប់ (អ្នកបើកម៉ូតូ)។ ២.ឈ្មោះ​ឡេង សុខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអូរឧកញាហេង ឃុំអូរឧកញាហេង ស្រុកព្រនប់ (អ្នកឆក់) ។

សមត្ថកិច្ចបញ្ជាក់ទៀតថា វត្ថុតាងចាប់យកពីជនសង្ស័យ៖ កាបូបពណ៍ឈាមជ្រូក ១, ទូរស័ព្ទ ២គ្រឿង ម៉ាក I-phone 7 មួយគ្រឿង, ម៉ាស៊ីនថត ១គ្រឿង, ​ប័ណ្ណ​ធានាគារ ៤ច្បាប់, វ៉ែនតា ១ និងលុយ ៤៦ $ និង​ ម៉ូតូសេ១២៥ សេរី២០០៥ មួយ​គ្រឿង (ជាមធ្យោបាយធ្វើសកម្មភាព)។

ប្រភពបន្តថា សម្ភារទាំងនេះត្រូវបានប្រគល់​ជូនជនរងគ្រោះវិញរួចហើយ។

ជនរងគ្រោះ​នៃ​អំពើឆក់​នេះមានគ្នា​២​នាក់​ប្តី​ប្រពន្ធ​ ជន​ជាតិ​រុស្ស៊ី​ ជា​អ្នក​ទេសចរណ៍​ ឈ្មោះ ១. MALOVA ILIA អាយុ២៩ឆ្នាំ ( ប្តី ) ២. MALOVA PARIA អាយុ២៧ឆ្នាំ ( ប្រពន្ធ ) ជនជាតិរុស្សី ។ នៅពេលធ្វើសកម្មភាពឆក់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ មានរបួសដៃ ជើង និងមាត់​ផង​ដែរ​ ។

ករណី​នេះ​សមត្ថកិច្ច​ កំពុងកសាង​សំណុំរឿង​តាម​នីតិវិធី​ បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖