ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាស៊យជាន់លើស៊យមែន! ជិះម៉ូតូបុកទ្រូងផ្លូវរបួសធ្ងន់ទាំង២នាក់ ហើយស្រាប់តែមានជនឆ្លៀតឱកាសលើកម៉ូតូជិះទៅបាត់ទៀត

ចែករំលែក៖

ភ្នំពេញៈ បុរស២នាក់ពិតជាស៊យជាន់លើស៊យមែន ជិះម៉ូតូបុកទ្រូងផ្លូវរបួសធ្ងន់ហើយ ស្រាប់តែមានជនឆ្លៀតឱកាស៤ទៅ៥នាក់ មកយកទូរស័ព្ទ ខ្សែក កាបូបលុយ ពីជនរងគ្រោះគ្មានសល់ និងលើកយកម៉ូតូជិះគេចខ្លួនទៅបាត់ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយដូចជាប្រទេសដែលគ្មានច្បាប់អីចឹង។

គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ តាមបណ្ដោយ៥៩៨ ម្ដុំត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ មួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកនឹងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួល​រងរបួសធ្ងន់ទាំងពីរនាក់ ប៉ុន្តែស្រាប់តែមានក្រុមជនឆ្លៀតឱកាសមានគ្នា៤ទៅ៥នាក់មកយកទូរស័ព្ទ ខ្សែក និង កាបូបលុយ ពីជនរងគ្រោះគ្មានសល់ ថែមទាំងលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។

សាកក្សីនៅកន្លែងកើតហេតុបានបន្ថែមទៀតថា អ្វីដែលហួសចិត្តនោះគឺនៅពេលដែលបងប្អូនជនរងគ្រោះទៅប្រាប់សមត្ថកិច្ច ដែលយាមនៅក្បែរនោះពីដំណើររឿង ដែលក្រុមជនសង្ស័យធ្វើសកម្មភាពលួចយកសម្ភារៈ និងយកម៉ូតូទៅបាត់នោះស្រាប់តែសមត្ថកិច្ចធ្វើព្រងើយទៅវិញ។

ក្រោយពេលកើតហេតុ ជនរគ្រោះ ត្រូវបានរថយន្តសាម៉ុយសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕ ដោយ៖ តុង សីហា


ចែករំលែក៖