ព័ត៌មានទាន់ហេតុការណ៍៖

បើករដូវកាលប្រកួតកីឡាសីដក់ពានរង្វាន់សហព័ន្ធលើកទី១

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីឆ្លើយតបតម្រូវការ ក្រសួងអប់រំយុវជន និងកីឡា និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ថ្នាក់ដឹកនាំសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជា បានរៀបចំការប្រកួតមួយ ដោយប្រសិទ្ធនាមថា “ការប្រកួតសីដក់ដណ្តើមពានសហព័ន្ធ” ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្ត ក្រោយពីអត្តពលិក បានខិតខំហ្វឹកហាត់ពេញ១ឆ្នាំកន្លងមក។

លោក ទូច សុភៈ អគ្គលេខាធិការ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានឲ្យដឹងថា ដើម្បីពង្រឹងគុណភាព សមត្ថភាព និងឆ្លើយតបទៅនឹងអ្វីដែលក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក តែងងតែណែនាំដល់សហព័ន្ធកីឡាជាតិ ធ្វើយ៉ាងណាសហព័ន្ធនីមួយៗ ត្រូវតែមានសកម្មភាព ទាំងការហ្វឹកហាត់ ប្រកួតជើងឯកថ្នាក់ជាតិ ប្រកួតអន្តរជាតិ តាមដែលអាចធ្វើទៅបាន។

ក្នុងនោះក្រសួងក៏បានជំរុញឲ្យសហព័ន្ធពង្រឹងសមត្ថភាព មន្ត្រីបច្ចេកទេស គ្រូបង្វឹក សម្រាប់ខ្លួនជាស្រេច ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ពិសេសត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ សកម្មភាពទាំងអស់ត្រូវបានគាំទ្រថវិកាដោយក្រសួងអប់រំយុវជន និងកីឡា តាមរយៈកញ្ចប់ថវិកាវិភាជន៍ប្រចាំឆ្នាំ។

លោកបានបន្តថា សម្រាប់ឆ្នាំដំបូងនេះ សហព័ន្ធរៀបចំត្រឹមតែ៨ក្រុម ដោយមានវិញ្ញាសារប្រកួតបុរស-នារី អាយុចាប់ពី១៥ឡើង ក្នុងក្លិបនីមួយៗអាចដាក់ពាក្យ កីឡាករ កីឡាការិនី របស់ខ្លួនចូលរួមបាន គឺបុរស១ក្រុម និងនារី១ក្រុម ដោយលេង៣នាក់ទល់៣នាក់ និងកីឡាករ ឬកីឡាការិនី បម្រុង២នាក់ ។

បើតាមសេចក្តីជូនដំណឹង កម្មវិធីប្រកួតកីឡាសីដក់នេះ គ្រោងបញ្ចប់នៅយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសួនច្បារត្រើយម្ខាង ជិតសណ្ឋាគារសុខា៕ សារីម


ចែករំលែក៖