ភ្នំពេញ៖ ជនសង្ស័យចំនួនពីរនាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យបែកឈាមហូរស្រោចពេញខ្លួន សល់តែដង្ហើមចង្រិត បន្ទាប់ពីពួកគេធ្វើសកម្មភាពកាច់សោ.កម៉ូតូម៉ាក និច មួយគ្រឿងបានសម្រេចហើយព្យាយាមជិះគេចខ្លួន តែត្រូវអ្នកនៅជិតកន្លែងកើតហេតុ ឃើញស្រែកចោរៗផ្អើលប្រជាពលរដ្ឋដេញចាប់បាន ចំណែកម្នាក់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខភោជនីយដ្ឋានយីហោ Cowboy តាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវលេខ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះទី១ ឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ១៧ ឆ្នាំរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ទី២ ឈ្មោះ លី ត្រូវបានបញ្ជូនទៅអាវុធហត្ថខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ រស់ ភារឹទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាបុក្គលិកហាង Cowboy រីឯម៉ូតូដែលត្រូវជនកាច់សោ.កនោះម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FW-7198 ។
ប្រភពព័ត៌ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានទុកម៉ូតូនៅខាងមុខហាងដោយចាក់សោ.ក ហើយចូលទៅធ្វើការនៅខាងក្នុង លុះដល់វេលាកើតហេតុ ស្រាប់តែលឺអ្នកនៅខាងក្រៅស្រែកថាចោរៗ ពេលចេញមកមើលទើបដឹងថា ម៉ូតូខ្លូនត្រូវចោរកាច់សោ.កយកទៅ។
ប្រភពដដែលបានបន្តថា ភា្លមៗនោះ រូបគេ និងប្រជាពលរដ្ឋជាច្រើនទៀតបាននាំគ្នាជិះម៉ូតូដេញតាមក្រុមជនសង្ស័យ និងស្រែកផ្អើលឆោឡោដល់អ្នកធ្វើដំណើររហូតដល់ចំណុចផ្លូវលេខ៦៣ កែងផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មី៣ ទើបឃាត់បានពីរនាក់ ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរងរបួសធ្ងន់ ហើយក៏យកម៉ូតូបានមកវិញដែរ ចំណែកម្នាក់ទៀត ជិះម៉ូតូដែលជិះមកធ្វើសកម្មភាពគេចខ្លួនបាត់ស្រមោលទាំងព្រលឹងចុងសក់។
ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដើម្បីសួរនាំ ចំណែកម្នាក់ទៀត ដោយរងរបួសធ្ងន់ពេក ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតរួចទើបសួរនាំនៅពេលក្រោយ៕ ស តារា