ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា សហការជាមួយកម្លាំងព្រំដែនរួមមាននគរបាលវរព្រំដែនគោកលេខ ៨២៥ យោធាវរលេខ៥០៨ យោធាវរលេខ៥០១ ឃាត់ខ្លួនយោធាម្នាក់ជាប់ពាក់ព័ន្ធរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង២ និង៣៦នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ធាង ឡេងអធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសហការគ្នាបង្រ្កាប រួមទាំងវត្ថុតាង និងសម្ភារឈ្មោះ ទូចវាសនា (ហៅអូន) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា វរលេខ ៥០១(ព្រំដែនកម្ពុជា ថៃ) បច្ចុប្បន្ន រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
លោកបន្តថា កម្លាំងបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់តូច និង០១កញ្ចប់ធំ មានទម្ងន់ចំនួន២០៥ក្រាម ដែកកេះចំនួន០១ បារីចំនួន០១កញ្ចប់ លុយខ្មែរចំនួន១០៥០០រៀល ទូរស័ព្ទដៃចំនួន០១គ្រឿង ឧបករណ៍គ្រឿងបំផ្ទុះ(គីប)មានពណ៌ខៀវ និងពណ៌ទឹកប្រាក់ចំនួន ០៣ម៉ូតូចំនួន១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅលាយស និងទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1O 7722 ។
លោកបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកបន្តនីតិវិធីដើម្បីបំពេញសំណុំបែបបទបញ្ជូនបន្ត ទៅការិយាល័យជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន