ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្រ្តីនគរបាលពាក់ស័ក្កិមួយ ប៉ុន្តែមិនដឹងថា នៅអង្គភាពណានោះទេ បានធ្វើសកម្មភាពបាញ់បោះសេរីនៅក្នុងមូលដ្ឋានខណ្ឌដូនពេញជាច្រើនគ្រាប់ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់ភ័យលស់ព្រលឹង បន្ទាប់ពីជនដៃដល់បានដកកាំភ្លើងខ្លីមួយដើមបាញ់កញ្ចក់រថយន្តខ្លួនឯង៤គ្រាប់ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចេញមកអន្តរគមន៍ឃាត់ខ្លួន រួចបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ករណីបាញ់បោះសេរីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសណ្ឋាគារ ហូលីដេ ផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្ត្រីកងរាជអាវុធហត្ថប្រាប់ថា ជនបង្កហេតុឈ្មោះ លេង ធរ៉ា ភេទប្រុស ជាមន្ត្រីនគរបាល ឋានន្តរស័ក្តិអនុសេនីត្រីយ៍ (ស័ក្តិ១) មិនដឹងជាមន្ត្រីនៅអង្គភាពណានោះទេ ជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២N-៣៨៧៩ ។
សាក្សីឲ្យដឹងថា បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧៥ លុះមកដល់ចំណុចមុខសណ្ឋាគារ “ហូលីដេ” កន្លែងកើតហេតុ ស្រាប់តែមិនដឹងមានរឿងអ្វីនោះទេ ក៏បុរសបង្កហេតុបានដកកាំភ្លើងខ្លីមួយដើម រួចធ្វើសកម្មភាពបាញ់កញ្ចក់រថយន្តរបស់ខ្លួន ចំនួន៤គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូដ្ឋានចុះមកដល់កន្លែងកើតហេតុ ភ្លាមនោះ កម្លាំងកងរាជអាវុធហត្ថខណ្ឌបានមកដល់ព្យាយាមដើរចូលទៅក្បែរជនបង្ក និងនិយាយលួងលោម រហូតឈានទៅដល់ការចាប់ខ្លួនបុរសរូបនោះ និងដកហូតបានកាំភ្លើងខ្លីស៊េរីទំនើបមួយដើមផងដែរ ។
ក្រោយឃាត់ខ្លួនមន្រ្តីនគរបាលនោះរួចមកគេបានសារភាពថា ដោយសារតែរូបគាត់មានជម្លោះក្នុងគ្រួសារ ហើយចំពោះករណីផ្ទុះអាវុធ គឺខ្លួនមិនបានបាញ់នោះទេ គឺកាំភ្លើងរបស់គាត់ រេកៃបណ្ដាលឲ្យផ្ទុះត្រូវកញ្ចក់រថយន្តខ្លួនឯងចំនួន៤គ្រាប់ ។
បច្ចុប្បន្នជនបង្កហេតុត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនយកទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដោយដកហូតកាំភ្លើងខ្លីមួយដើមម៉ាកឡុក២១ រថយន្តមួយគ្រឿង និងរកឃើញសម្បកគ្រាប់ចំនួន៤គ្រាប់ រួចបញ្ចូនបន្តទៅទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ស តារា