ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ មានអំពើពុករលួយនៅក្នុងការដេញថ្លៃសាងសង់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី

ចែករំលែក៖

រឿងអាស្រូវដ៏ធំមួយពាក់ព័ន្ធនឹងការដេញថ្លៃការងារជុសជុលអគារស្នាក់នៅ របស់មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីដែលមានលោក ភូ ធាឡុំ ជាប្រធានមន្ទីរ ទើបត្រូវបានទម្លាយ ធ្វើអោយអ្នកដឹងរឿងហួសចិត្តយ៉ាងខ្លាំង។ ព្រោះថាក្រុមហ៊ុនដែលចូលរួមដេញថ្លៃ មានចំនួន២ក្រុមហ៊ុន ហើយម្ចាស់ក្រុមហ៊ុនទាំង២ត្រូវជាម្ដាយ និងកូនបង្កើតនិងគ្នា។ ចំពោះតម្លៃវិញបានធ្លាក់ចុះមិនបានចំនួនកន្លះភាគរយផង ដោយតែការថ្លៃនោះ ធ្វើឡើងតាមរបៀបដេកចងមុង ។

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានបើកធ្វើពិធីដេញថ្លៃ ការងារជុសជុលអគារស្នាក់នៅរបស់មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីទំហំ១២២,២៥ម៉ែត្រការ៉េ គុណនឹង២ជាន់ ស្មើនឹង២៤៤,៥០ម៉ែត្រការ៉េ ដោយក្នុងដំណើរការដេញថ្លៃមានក្រុមហ៊ុនចំនួន២ចូលរួមគឺក្រុមហ៊ុន ស៊ាន ខាំរីន អឹមផត អុិចផត របស់លោកស្រី ស៊ាន ខាំរីន ដែលត្រូវជាភរិយា លោក កែ ចាន់ធី ប្រធានរតនាគារខេត្តរតនគិរី និងក្រុមហ៊ុន រតនៈ ពិសិដ្ឋ របស់លោក កែ រដ្ឋា ជាអនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី (ព្យួការងារ) និងត្រូវជាកូនបង្កើតរបស់លោកស្រី ស៊ាន ខាំរីន និងជាកូនប្រុសលោក កែ ចាន់ធី ប្រធានរតនាគារខេត្តរតនគិរី ។

លទ្ធផលនៃការដេញថ្លៃបានទៅលើ លោកស្រី ស៊ាន ខាំរីន ក្នុងតម្លៃ ៤៤៥.៨៧៧.០០០រៀល ក្នុងតម្លៃនេះបានធ្លាក់ជាងតម្លៃគោលមិនបានកន្លះភាគរយផង។ តាមច្បាប់ក្រុមលទ្ធកម្ម គឺ ក្រុមហ៊ុន ដែលមានប្រភពតែមួយមិនមានសិទ្ធិចូលរួមដេញថ្លៃបានឡើយ ។

ប៉ុន្តែការដេញថ្លៃនេះផ្ដើមចេញពីការឃុបឃិត និងប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលបានប្រយោជន៍ធំគឺលោក ភូ ធាឡុំ មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងបក្ខពួក រួមនិងក្រុមហ៊ុន ប៉ុន្តែបានធ្វើឲ្យបាត់បងថវិកាជាតិជាង២០០លានរៀល ទៅជាង៣០០លានរៀល ដោយសារតែការឃុបឃិតគ្នា និងដេញថ្លៃចងមុង ។

តាមអ្នកជំនាញ់បានអោយដឹងថា ទំហំសំណង់២៤៤ ,៥០ ម៉ែត្រការ៉េ បើជួលជាងមកធ្វើអស់ថវិកា ត្រឹម ៨០លានរៀលយ៉ាងច្រើន ដូច្នេះក្រុមហ៊ុនចំណេញកប់តែម្ដង ។

ករណីនេះគួរក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រសួងពាណិជ្ជកម្ម ពិសេស អង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់វិធានការស្រាវជ្រាវជាបន្ទាន់ ព្រោះថា សកម្មភាពអំពើពុកលួយនេះបានធ្វើឲ្យបាត់បង់ថវិកាជាតិធ្ងន់ធ្ងរ និងបង្កឲ្យក្លាយជាទម្លាបអាក្រក់ដល់សង្គមជាតិថែមទៀត ៕

 


ចែករំលែក៖