ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ និងក្រសួង សាធារណការរួមគ្នា កំណត់បែងចែកការងារជួសជុលឡើងវិញលើកំណាត់ផ្លូវសហពន្ធ័រុស្សុី និងផ្លូវជាតិលេខ៤ ខណៈផ្លូវ២ខ្សែនេះរងការខួចខាត់ធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបែងចែកការងារត្រៀមជួសជុលជាបន្ទាន់កំណាត់ផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤(ចាប់ពីចំណុចផ្លូវប្រសព្វទំនប់កប់ស្រូវ ដល់ផ្សារបែកចាន ) ឲ្យល្អប្រសើរឡើងឡើងវិញ ខណៈផ្លូវទាំង២ខ្សែនេះ កំពុងរងការខូចខាតយ៉ាងដំណំ ដោយជំនន់ទឹកភ្លៀង តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកំណាត់ផ្លូវនេះមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃផងដែរនោះ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្កី ក្រោយ កិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។

លោកម៉េត មាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ ការបើកឲ្យមានកិច្ចប្រជុំខាងលើនេះ គឺក្នុងគោលបំណងដើម្បីបែងចែកគ្នាឲ្យដាច់រវាងកំណាត់ផ្លូវនេះ ថា តើចំណុចណា ដល់ចំណុចណា ដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែលខាងអាជ្ញាធររាជធានីភ្នំពេញជាអ្នកទទួលខុសត្រូវ ក្នុងការជួសជុល ។ ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ ធ្វើឲ្យការជួលជុលមានការយឺតយ៉ាវ និងអូសបន្លាយពេលវេលា ធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោកម៉េត មាសភក្តី បានបន្តថា៖ ក្រោយកិច្ចប្រជុំនេះ គឺបានសម្រេចគ្នាថា ផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ ដែលគ្រោងនឹងជួសជុលឡើងវិញនេះ មានប្រវែងប្រមាណ២០គីឡូម៉ែត្រ ដោយរាជធានីភ្នំពេញទទួលការជួសជុលពីស្តុប បេកាសេ (ស្តុបអគារកាណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវ ដែលមានប្រវែងជាង១៩គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវ ដល់ព្រំប្រទល់ខេត្តកណ្តាល ដែលមានប្រម៉ែត្រ៧៧០ម៉ែត្រ។

លោកបន្តថា ការសម្រេចឲ្យមានការជួសជុលផ្លូវសហព័ន្ធរុស្សី និងផ្លូវជាតិលេខ៤ ឡើងវិញនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រ កាលពីថ្ងៃ១៨ ខែតុលាកន្លងមកនេះ។

ចំពោះចំណុចផ្លូវដែលត្រូវជួសជុសនោះ រួមមាននៅមុខតុលាការខ្មែរក្រហមផ្លូវជាតិលេខ៤ ចំណុចរង្វង់មូលចោមចៅ ការដ្ឋានសាងសង់ស្ពានអាកាសដីហុយ ការដ្ឋានក្រុមហ៊ុនប៊ូ យ៉ុង សង្កាត់ទឹកថ្លា និងនៅមុខក្រសួងការងារ។

លោកម៉េត មាសភក្តី បានបញ្ជាក់ថា៖ តាមពិតទៅគម្រោងជួសជុលផ្លូវខាងលើនេះ ត្រូវពឹងលើថវិកាគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញនឹងខិតខិតរកថវិកា ដើម្បីជួសជុលកំណាត់ផ្លូវនេះឲ្យបាន ដើម្បីជួយសម្រួលចរាចរ របស់បងប្អូនប្រជាពលរដ្ឋ តបតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលសម្ដេចបញ្ជាឲ្យ អាជ្ញាធររាជធានី និងក្រសួងសាធារណការ រួមគ្នាជួយជួសជុលលើកំណាត់ផ្លូវនេះឲ្យបានលឿន ៕ សំរិត


ចែករំលែក៖