ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវគណៈបញ្ជាឯកភាពខណ្ឌឫស្សីកែវ សហការកម្លាំងប៉េអឹមខណ្ឌ និងចូលរួមសម្របសម្រួលដោយលោកគុជ កំឡុង ព្រះជាអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជាក់ស្តែង ខណៈចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន២ទូកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះគ្មានលេខលើលូទឹកស្អុយ ផ្លូវភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យប្រុស ស្រីទាំង៣នាក់ខាងលើនោះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុំ គន្ធា ជាតារាចំរៀងជើងចាស់ ស្នាក់នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែក២នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះទេ។ ម្ចាស់ផ្ទះមានឈ្មោះទិន យូឡុង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅកើតហេតុខាងលើគេចខ្លួនបាត់។
លោកប្រាច សីហា អភិបាលរងខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិកានេះ កម្លាំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប៉េអឹមឫស្សីកែវស្រាវជ្រាវរហូតដល់ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ព្រមទាំងដកហូត ទូហ្គេមបាញ់ត្រីចំនួន២ទូ និងឧបករសម្រាប់ប្រើប្រាស់គ្រឿងញៀងមួយចំនួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៣នាក់រួមទាំងទូហ្គេមបាញ់ត្រីចំនួន២ទូរួចមក កម្លាំងគណៈបញ្ជាការឯកភាពបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅសាលាខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ អរុណរះ