ព័ត៌មានទាន់ហេតុការណ៍៖

ជនអន្តោប្រវេសន៍វៀតណាម១៩៨នាក់រស់នៅខេត្តបន្ទាយមានជ័យប្រើប្រាស់ឯកសាររដ្ឋបាលខ្មែរមិនប្រក្រតី រងការដកហូត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលអន្តោប្រវេសន៍បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិវៀតណាម កំពុងរស់នៅខេត្តបន្ទាយមានជ័យចំនួន៦២គ្រួសារ ស្មើនិង១៩៨នាក់ បានកាន់កាប់ប្រើប្រាស់លិខិតឯកសាររដ្ឋបាលខ្មែរ មិនប្រក្រតី ហើយលិខិតឯកសារខ្មែរទាំងនោះ នឹងរងការដកហូតពីកម្លាំងនគរបាលអន្តោប្រវេសន៍ និងក្រសួងពាក់ព័ន្ធនាពេលខាងមុខនេះ ដើម្បីបញ្ឈប់មិនឲ្យប្រើប្រាស់ទៀតនោះឡើយ។

ឯកសាររដ្ឋបាលខ្មែរមិនប្រក្រតីរួមមាន៖ ១,សៀវភៅស្នាក់នៅ(ក២) ចំនួន៣១ក្បាល ២,សៀវភៅគ្រួសារ(ក៤) ចំនួន៤៧ក្បាល ៣,សំបុត្រកំណើតខ្មែរ៤៩ច្បាប់ ៤,សំបុត្រអាពាហ៍ពិពាហ៍ចំនួន៤ច្បាប់ ៥,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២៨ប័ណ្ណ និង៦,លិខិតឆ្លងដែនចំនួន២ក្បាល។

លោកលើកឡើងទៀតថា ក្រោយពីដកហូតឯកសារនោះហើយ និងតម្រូវឲ្យជនអន្តោប្រវេសន៍ទាំងនោះអនុវត្តបំពេញលក្ខខណ្ឌដែលបានចុះបញ្ជីជំរឿនស្ថិតិរួចហើយត្រូវដាក់ពាក្យធ្វើសំបុត្រប្រកាសទទួលស្គាល់ជនអន្តោប្រវេសន៍ស្របច្បាប់ ដើម្បីបង់ថវិកាចូលរដ្ឋ អនុវត្តតាមច្បាប់អន្តោប្រវេសន៍កម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី ឱ លន់ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ព្រព្រឹត្តទៅក្រោមវត្តមានលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យឧត្តមសេនីយ៍ទោអាត់ ខែម។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ខុសច្បាប់កាន់កាប់ប្រើប្រាស់លិខិតឯកសាររដ្ឋបាលខ្មែរ មិនប្រក្រតីនោះដែរ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃឲ្យដឹងថា យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ខុសច្បាប់ទូទាំងប្រទេសចំនួន៧១,៧៣៨នាក់ (ប្រាំពីរម៉ឺនមួយពាន់ប្រាំពីររយសាមសិបប្រាំបីនាក់) បានកាន់ប្រើប្រាស់លិខិតឯកសាររដ្ឋបាលខ្មែរ មិនប្រក្រតី ហើយនិងរងការដកហូតដូចគ្នានេះផងដែរ។

ក្នុងកិច្ចប្រជុំបូកបូកសរុបលទ្ធផលការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២៤ ខែតុលានោះដែរ លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យឧត្តមសេនីយ៍ទោអាត់ ខែម បានលើកឡើង និងជម្រុញឲ្យកម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ត្រៀមពង្រឹងសន្តិសុខឲ្យបានរឹងមាំ ទប់ស្កាត់រាល់សកម្មភាពប្រឆាំងតវ៉ាណាមួយ បង្កឲ្យប៉ះពាល់សន្តិសុខជាតិ នៅក្នុងតំណាក់កាល បើសិនជាតុលាការបានរំលាយគណបក្សសង្រ្គោះជាតិចោល ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្រោយគណបក្សនយោបាយចំនួន២ និងក្រសួងមហាផ្ទៃ បានដាក់ពាក្យប្តឹងទៅតុលាការដើម្បីសុំរំលាយគណបក្សសង្រ្គោះជាតិ។ ក្រោយបែកធ្លាយឃ្លីបវីដេអូរមួយរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និយាយទៅកាន់ប្រជាពលរដ្ឋខ្មែរអូសស្រ្តាលី ដែលមានខ្លឹមសារចង់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធ្វើបដិវត្តន៍ពណ៌យកលំនាំតាមប្រទេសយូហ្គោស្លាវី ដែលមានបរទេសនៅពីក្រោយខ្នង។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានជម្រុញឲ្យកម្លាំងនគរបាលក្រោមបង្គាប់បន្តខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅលើការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ គ្មានការភ័យខ្លាច៕ សំ វិច្ឆិកា


ចែករំលែក៖