ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៥នាក់ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនរួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានប្រមូលជនសង្ស័យរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងឧបករណ៍ផ្សេងៗមួយចំនួនទៀត។

លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា កាលពីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ដឿន វ៉ាន់ដេត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ដោយមានការសម្របសម្រួលព្រះរាជអាជ្ញាសាលាដំបូងខេត្តផងនោះ កម្លាំងយើងធ្វើការឆែកឆេរលំនៅឋានជនសង្ស័យ(ដឿន វ៉ាន់ដេត) ក្នុងនោះរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ មានទម្ងន់ចំនួន ២៧.០៨ក្រាប។

ដោយឡែក៖ លោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យនគរវត្តដឹងដែរថា នៅព្រឹកថ្ងៃទី២៥ ខែតុលាដដែល ស្ថិតក្នុងភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ កម្លាំងយើងបានប្រមូលជនសង្ស័យប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៤នាក់ រួមទាំងឧបករណ៍ផ្សេងៗមួយចំនួនធំផងដែរ ដែលជាវត្ថុតាង។

ប្រភពព័ត៌មានទាំងពីករណីខាងលើបន្តទៀតថា ចំពោះបញ្ហាហ្នឹងបាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋានរៀងៗខ្លួន ដើម្បីបំពេញសំណុំបែបបទបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន


ចែករំលែក៖