ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាផ្សារប៉េសេនៅបឹងទំពុនត្រូវបានប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាពិគ្រោះយោបល់

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាផ្សារប៉េសេនៅបឹងទំពុននេះគឺប្រជាពលរដ្ឋយើងបានរងចាំយ៉ាងអន្ទះសារបំផុតក្នុងការដោះស្រាយដល់ពួកយើងជាពលរដ្ឋរងគ្រោះប្តឹងតវ៉ាទៅអាជ្ញាធរខណ្ឌមានជ័យរហូតដល់សាលារាជធានី ហើយពលរដ្ឋយើងបានឡើងទៅសាលារាជធានីភ្នំពេញតាមការណាត់ជួប តែខាងសាលារាជធានីបានCansal ចោលរហូតរហូតមកដល់ពេលនេះជាង២ខែហើយ។ ក្នុងនាមនាងខ្ញុំតំណាងឲ្យ បងប្អូនពលរដ្ឋរស់នៅជុំវិញផ្សារប៉េសេនេះ ក៏សុំស្នើឲ្យអាជ្ញាធរជាពិសេសសាលារាជធានីមេត្តាជួយដោះស្រាយដល់ពួកយើងឲ្យបានឆាប់។ នេះគឺជាការលើកឡើងរបស់ស្រ្តីម្នាក់នៅក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារ រាជធានីភ្នំពេញ អាណតិ្តទី២ ដែលបានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងបរិវេណសាលាខណ្ឌមានជ័យ ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី។

ស្ត្រីដដែលបន្តថា លោកឡុច សារ៉េត ថៅកែផ្សារប៉េសេនេះដំបូងឡើយគាត់ថាលក់ផ្ទះជុំវិញផ្សារប៉េសេដោយទុកផ្លូវឲ្យ៨ម៉ែត្រ តែសព្វថ្ងៃនេះគាត់បានសង់តូបបន្ថែមរំលោភចូលផ្លូវ គ្មានចំណតធ្វើឲ្យផ្លូវរួមតូចហើយបានចាក់ដីមុខផ្ទះ និងសំរាម ដល់គេសួរទៅគាត់ថាកន្លែងចាក់សំរាមទៅវិញ។

ពាក់ព័ន្ធបញ្ហាខាងលើ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី បានឡើងពន្យល់ដល់ពលរដ្ឋផងដែរថា បញ្ហានេះមិនមែនអាជ្ញាធរយើងព្រងើយកន្តើយនោះទេ យើងបានកោះហៅលោកថៅកែផ្សារចូលរួមដោះស្រាយគាត់អត់មកចូលរួមជាមួយយើង គាត់ឲ្យមេធាវីមកចូលរួម ហើយមេធាវីនោះអត់មកទៀតនេះជារឹងរូសលោកថៅកែផ្សារ។ លោកបន្តថា ក្រោយមកបងប្អូនប្រជាពលរដ្ឋយើងបានប្តឹងទៅរដ្ឋសភា ហើយរដ្ឋសភាចេញដីកាអមមករដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីក៏បានបញ្ជូនដីកាអមនេះមករដ្ឋបាលខណ្ឌមានជ័យ ដើម្បីធ្វើការបំភ្លឺនឹងផ្តល់មតិ។ ក្នុងរយៈពេលនេះរដ្ឋបាលខណ្ឌបានធ្វើការបំភ្លឺទៅតាមលិខិតរដ្ឋបាល គឺរដ្ឋបាលខណ្ឌបានបញ្ជូនត្រឡប់វិញហើយ។

លោក ពេជ្រ កែវមុនី បានលើកឡើងបន្តថា ករណីនេះរដ្ឋបាលខណ្ឌយើងអត់បានគេចទេ គឺសុខចិត្តអង្កេត សុខចិត្តធ្វើការដោះស្រាយបញ្ហានេះឡើងវិញជាបន្តបន្ទាប់។ រហូតដល់ដំណាក់កាលចុងក្រោយ ក្រុមហ៊ុនផ្សារប៉េសេនេះគាត់អត់ដែលបង្ហាញមុខទេ នេះជាបញ្ហាលំបាក់ដល់អាជ្ញាធរយើង ចឹងសូមបងប្អូនពលរដ្ឋយោគយល់។ លោកថា ៥ទៅ៦ដងហើយលោកឧកញ៉ា ឡុច សារ៉េត អត់បង្ហាញមុខចូលដោះស្រាយទេ រហូតដល់ដំណាក់កាលចុងក្រោយនេះគាត់ឲ្យតំណាងរបស់គាត់ក្នុងនាមជាមេធាវី ហើយយើងបានធ្វើនីតិវិធីអញ្ជើញមេធាវីមក ចូលរួម មេធាវីអត់មកទៀតចំនួន៣ដង។ ក្រោយមកក៏បង្ខំចិត្តធ្វើរបាយការណ៍ទៅសាលារាជធានីភ្នំពេ ដើម្បីឲ្យសាលារាជធានីភ្នំពេញធ្វើរបាយការណ៍ដាក់ជូនទៅរដ្ឋសភាវិញជុំវិញបញ្ហាផ្សារប៉េសេនេះ។

ដោយឡែកលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ក៏បានលើកឡើងផងដែរថា បញ្ហាផ្សារប៉េសេនេះពិតជាបានសង់រំលោភចូលផ្លូវមែន ហើយបញ្ហាផ្សារប៉េសេនេះគឺលោក មាស ចាន់យ៉ាដា អភិបាលរងរាជធានីជាអ្នកទទួលដោះស្រាយ តែពេលនេះលោកជាប់រវល់ពេកទើបមានការយឺតយ៉ាវក្នុងការដោះស្រាយជូនបងប្អូនពលរដ្ឋ។ ចឹងអាច ក្រោយព្រះរាជពិធីបុណ្យអុំទូកហើយលោកនឹងដោះស្រាយបញ្ហានេះជូនបងប្អូនពលរដ្ឋយើងឡើងវិញ៕ តាឡឹម


ចែករំលែក៖