ព័ត៌មានទាន់ហេតុការណ៍៖

SCG បរិច្ចាគទឹកប្រាក់ ៧ ម៉ឺនដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កីឡាបាល់ទាត់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ ក្រុមហ៊ុន អេសស៊ីជី (SCG) ជាសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ានបានបរិច្ចាគទឹកប្រាក់ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅក្នុងពិធីដែលបានរៀបចំ នៅរាជធានីភ្នំពេញ ដែលការបរិច្ចាគនេះគឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ ហើយនេះក៏ជាការប្ដេជ្ញាចិត្តមួយផ្នែករបស់ក្រុមហ៊ុនក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅក្នុងពិធីនោះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ប្រារ៉ាម៉េត ភីមផាប៊ូត (Praramate Pimpaboote) ប្រធានរោងចក្រកំពតស៊ីមេន ខូ អិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេសស៊ីជី។ ការបរិច្ចាគនោះគឺមានទំហំទឹកប្រាក់ប្រមាណ ២៨០,០០០,០០០ រៀល (៧០,០០០ ដុល្លារសហរដ្ឋអាមេរិក) ដែលបានមកពីការលក់សំបុត្រ និងអាវយឺតអំឡុងពេលការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ SCG Muangthong United និងក្រុមចម្រុះកម្ពុជា K-CementCambodian All Stars កាលពីខែកក្កដា កន្លងទៅនេះ។

នៅក្នុងពិធីប្រគល់នោះនាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរដល់ក្រុមហ៊ុន SCG សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ហើយបានមានប្រសាសន៍ថា ទឹកប្រាក់នេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជាផងដែរ។ លោកបានមានប្រសាសន៍ថា ថវិកានេះនឹងត្រូវបានយកទៅប្រើប្រាស់នៅក្នុងគម្រោង “សាលាបាល់ទាត់ថ្នាល” ទូទាំងប្រទេសកម្ពុជា ដែលគ្រោងចំណាយទឹកប្រាក់ខ្ទង់លានដុល្លារ។ តាមរយៈការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងតាមរយៈប្រាក់ជំនួយឧបត្ថម្ភនានា គម្រោងនេះមានបំណងបង្កើតទីលានបាល់ទាត់ នៅតាមសាលារៀន ក៏ដូចជាផ្ដល់ប្រាក់បៀវត្សរ៍ដល់គ្រូបង្វឹក និងបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលទូទាំងប្រទេស ហើយគម្រោងនេះបានចាប់ផ្ដើមនៅ ដើមឆ្នាំ ២០១៧ នឹងគ្រោងដំណើរការរយៈពេលពីរឆ្នាំ។

លោក សៅ សុខា បានមានប្រសាសន៍ថា៖ “ខ្ញុំក្នុងនាម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមកីឡាករ ក្នុងនាមអ្នកគាំទ្រកីឡគាបាល់ទាត់ និយាយដោយខ្លីក្នុងនាមមហាគ្រួសារបាល់ទាត់ ខ្ញុំពិតជាមានការសប្បាយរីករាយ ជាមួយនឹងការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនSCG ……ការឧបត្ថម្ភនេះគឺសម្រាប់សាលាកីឡាបាល់ទាត់ដែលយើងសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាអភិវឌ្ឍនៅទាំង ២៥ រាជធានី-ខេត្ត”។

លោក ប្រារ៉ាម៉េត ភីមផាប៊ូត បានអបអរសាទរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានសម្រេចនូវសមិទ្ធផលនានាក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើនទៅមុខ ជាពិសេសតាមរយៈជោគជ័យនាពេលកន្លងមកនៅលើឆាកអន្តរជាតិ។ លោកសង្ឃឹមថា ទឹកប្រាក់បរិច្ចាគនេះនឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត។

លោក ប្រារ៉ាម៉េត ភីមផាប៊ូត បានមានប្រសាសន៍ថា៖ “ដោយមើលឃើញថា កីឡាបាល់ទាត់គឺជាគន្លឹះសម្រាប់ការគាំទ្រដល់ការអភិវឌ្ឍន៍យុវជននៅកម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុន អេសស៊ីជី មានមោទនភាពក្នុងការសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីជួយអភិវឌ្ឍដល់កីឡានេះ ។ ហើយការបរិច្ចាគនាថ្ងៃនេះគឺជាសក្ខីកម្មមួយទៀតដែលបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការជួយអភិវឌ្ឍន៍កីឡាបាល់ទាត់។ ខណៈដែលកីឡានេះចេះតែមានការពេញនិយមកាន់តែខ្លាំង ហើយយុវជនកាន់តែច្រើនឡើងកំពុងតែងាកមកលេងផង ដូច្នេះយើងសង្ឃឹមថា នឹងមើលឃើញកីឡាករកម្ពុជាខ្លាំងៗទៅថ្ងៃអនាគត”។

ជាផ្នែកមួយនៃគម្រោងគាំទ្រដល់វិស័យបាល់ទាត់នៅកម្ពុជាផងដែរនោះ ក្រុមហ៊ុនអេសស៊ីជី បានរៀបចំនូវការប្រកួតបាល់ទាត់មិត្តភាពជាហូរហែររវាងក្លឹបបាល់ទាត់ SCG Muangthong United និងក្រុមកីឡាករបាល់ទាត់ចម្រុះកម្ពុជា K-Cement Cambodian All Stars។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអេសស៊ីជី ក៏កំពុងសហការជាមួយនឹងក្លឹបបាល់ទាត់អាជីពមួយនៅកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហាត់បាល់ទាត់សម្រាប់យុវជនកម្ពុជានៅតាមបណ្ដារខេត្តមួយចំនួន ក៏ដូចជារាជធានីភ្នំពេញ តាមរយៈគម្រោង “Kick and Share by SCG” ។ ក្នុងគម្រោងនេះ កុមារ និងយុវជនមានឱកាសបានរៀននូវជំនាញត្រឹមត្រូវក្នុងការលេងបាល់ទាត់ ជាមួយនឹងគ្រូបង្វឹកចំណានៗ និងកីឡាករបាល់ទាត់អាជីព ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់របស់ខ្លួន៕ វឌ្ឍនា


ចែករំលែក៖