ភ្នំពេញ៖ លោកពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា នេះ សម្រេចបញ្ជូនប៉ូលិសដែលបាញ់៤គ្រាប់ផ្អើលខណ្ឌដូនពេញ ព្រោះខឹងប្រពន្ធ ទៅគុកព្រៃស ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនសង្ស័យឈ្មោះ លេង ធារ៉ា ត្រូវបានលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ”កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត”តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៧៥កែង៨៤ ទល់មុខសណ្ឋាគារហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីបាញ់បោះយ៉ាងអាណាធិបតេយ្យទាំងកណ្តាលយប់ ដោយជនបង្កមានទំនាស់ជាមួយប្រពន្ធ ដែលធ្វើការងារក្នុងសណ្ឋាគារហូលីដេ ។ ក្រោយពេលកើតហេតុជនបង្កត្រូវបាន កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មាន បញ្ជាក់ថា ជនបង្កជិះរថយន្តម៉ាកLexus ដោយបើកតាមបណ្តោយផ្លូវលេខ៧៥ ស្រាប់តែមកជិតដល់ក្លិប បានដកកាំភ្លើងបាញ់ ៤គ្រាប់តែម្តង បន្ទាប់ពីបាញ់ហើយជនបង្កបានបើករថយន្ត មកឈប់នៅមុខក្លិបហើយ ត្រូវអាវុធហត្ថឃាត់ខ្លួនតែម្ដង៕ចេស្តា