ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ចាប់ខ្លួន និងដកហូតថ្នាំញៀន៦កញ្ចប់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ កាលពីវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ គុយ វណ្ណដេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក៦កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាក PULSAR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-4739 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្ដរាគមន៍ពិសេសក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី សរ កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានចុះល្បាតក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង និងងាយរងគ្រោះផងនោះ លុះមកដល់ភូមិដើមគរ បានឃើញជនសង្ស័យជិះម៉ូតូម្នាក់ឯង ភ្លាមនោះលោកក៏បញ្ជាឲ្យកម្លាំងឃាត់ខ្លួនជនសង្ស័យ រួចសុំឆែកឆេររហូតរកឃើញថ្នាំញៀន២កញ្ចប់(១ញ្ចប់ធំ និង១កញ្ចប់តូច)នៅនឹងខ្លួនជនសង្ស័យ ឈានដល់ឃាត់ខ្លួនរួមទាំងវត្ថុតាងពាក់ព័ន្ធបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើនេះគឺពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទៅទិញពីឈ្មោះ ដា និងឈ្មោះ ហើម នៅម្តុំស្ពានព្រែកឬស្សី ក្នុងតម្លៃ១០ដុល្លារសហរដ្ឋអាមេរិក ហើយចំពោះការប្រើប្រាស់ថ្នាំញៀនវិញ ខ្លួនធ្លាប់បានប្រើប្រាស់អស់រយៈពេលជាង១ខែកន្លះមកហើយ ៕ ស្អាងជ័យ