ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនបុរសម្នាក់ករណីពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលក្រុងតាខ្មៅចាប់ខ្លួនបុរសម្នាក់ក្នុងករណីពាក់ព័ន្ធថ្នាំញៀន ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃព្រហស្បត៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវមុខផ្ទះសំណាក់ជា ចំណាន ស្ថិតក្នុងភូមិខ្ពកវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនត្រូវចោទដែលចាប់ខ្លួនបានមានឈ្មោះ ហេង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥១៤ ដ.ក.ច.ខ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនដើម្បីចែកចាយនិងប្រើប្រាស់រួចមក ជនត្រូវបានចាកចេញពីលំដ្ឋានរបស់ខ្លួនអស់រយៈពេលជាច្រើនខែ ដោយពុំដឹងថាទៅរស់នៅខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទរូបនេះ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ដកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ។ លុះមកដល់វេលាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចបានប្រទះឃើញជនត្រូវចោទរូបនេះនៅត្រង់ចំណុចផ្លូវមុខផ្ទះសំណាក់ ជា ចំណាន ភ្លាមនោះក៏ចាប់ខ្លួនដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ៕ ស្អាងជ័យ


ចែករំលែក៖