ព័ត៌មានទាន់ហេតុការណ៍៖

សំរាមគរដូចភ្នំនៅតាមមុខផ្ទះ ទ្រាំមិនបាននឹងក្លិនស្អុយ ពលរដ្ឋនាំគ្នាលើកបដាតវ៉ានៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋប្រមាណជា៣០នាក់ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំគ្នាលើកបដាតវ៉ា បន្ទាបពីទ្រាំក្លិន ស្អុយសំរាមអស់រយៈពេល៣ខែ ក្រុមហ៊ុនមិនប្រមូលនោះ ដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយ។

ការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៧ ឋិតនៅចំណុចមុខសាលារៀន ប៊្រីជតុន ។

ពលរដ្ឋបានលើកឡើងប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ពួកគាត់បានបង់លុយប្រចាំឆ្នាំ ឬ ប្រចាំខែ ឲ្យទៅក្រុមហ៊ុនប៉ោយប៉ែតគ្លីន័រ តែក្រុមហ៊ុនខាងលើបានទុកសំរាមចោលគរមុខផ្ទះនិមួយៗ ដូចភ្នំមិនថាផ្លូវលំ ផ្លូវប៉េតុង ឬផ្លូវជាតិនោះទេធ្វើ ឲ្យមានក្លិនស្អុយឆ្អេះឆ្អាបរលួយ មានរុយក្បាលខៀវជាច្រើនបង្កើតជាដង្កូវបង្កផលប៉ះពាល់បរិស្ថាននិង ប៉ះពាល់សុខភាពរបស់ពួកគាត់ ជាពិសេស សំរាមនោះត្រូវបានគេយទៅកគរក្បែរសាលារៀនប៊្រីជតុនទៀតផង។

ប្រជាពលរដ្ឋបន្ថែមថា សូមឲ្យលោកអភិបាលក្រុង ជួយរកដំណោះស្រាយ ជួយពន្លឿនឲ្យក្រុមហ៊ុនដែលយកលុយពួកគាត់ មកប្រមូលសំរាមចេញពីមុខផ្ទះ និងមុខសាលារៀនផង ព្រោះសំរាមស្អុយធ្វើឲ្យដេកមិនលក់ មានក្លិនបណ្តាលឲ្យមានជំងឺដល់កូនរបស់ពួកគាត់។

បញ្ហានេះដែរ លោកលោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៏ប្រាប់នគរវត្តថា ខាងក្រុមហ៊ុនសំរាមខាងលើ បានប្រមូលពីក្រុងប៉ោយប៉ែតយកទៅចាក់ចោលដែរ តែប្រជាពលរដ្ឋនៅកន្លែងទីតាំងសំរាមបានផ្ទុះការតវ៉ាមិនឧ្យឲ្យចាក់នៅលើទីតាំងនោះ ហើយពេលនេះ លោកកំពុងតែរកទីតាំងដើម្បីបញ្ចៀសបញ្ហាក្រុមហ៊ុន និងពលរដ្ឋមិនឲ្យប៉ះទង្គិចជាមួយគ្នា។

លោកស៊ឹម សុខហៃ តំណាងក្រុមហ៊ុន ប៉ោយប៉ែតគ្លីន័របានមានប្រសាសន៍ប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ប្រជាពលរដ្ឋបានបិទផ្លូវផ្ទួនៗគ្នា បន្ទាប់ពីខាងក្រុមហ៊ុនរបស់លោកយកសំរាមទៅចាក់ចំនួនពីរទីតាំង ទីតាំងភូមិទួលពង្រ និងទីតាំងភូមិព្រៃគប់ ៕ វណ្ណា


ចែករំលែក៖