ភ្នំពេញ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិ បាលកម្ពុជា នៅតែបន្ដគាំទ្រ ការពារ និងលើកទឹកចិត្ដដល់ ការវិនិយោគទុន ចំពោះវិស័យឯកជន នៅកម្ពុជា ដើម្បីលើក កម្ពស់សេដ្ឋកិច្ច ជីវភាពសង្គម និងគ្រួសារ ។ មិនតែប៉ុណ្ណោះ វិស័យឯកជន បានស្រូបយកកម្លាំងពលកម្មប្រជាពលរដ្ឋចូលធ្វើការ ដោយកំរៃ យ៉ាងតិច១៧០ ទៅ២០០ដុល្លារ នៅកម្ពុជា បានរាប់លាននាក់ទៀតផង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលលោកស្រី ចូលរួម ជាអធិបតីភាពក្នុងពិធីបើក សម្ពោធដាក់ឲ្យដំណើរការ រោងចក្រផលិត ទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងរបស់ក្រុមហ៊ុនអង្គរដេលីហ្វ៊ូដ ខូអិលធីឌី
ដោយចំណាយទុនវិនិយោគ ជាង១០លានដុល្លារ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នពេញ កាលពី រសៀលថ្ងៃទី២៧ តុលា ឆ្នាំ២០១៧ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ការបោះទុន វិនយោគ សាងសង់រោងចក្រផលិត ទឹកផ្លែឈើ និងភេជ្ជៈ ប៉ូវកម្លាំង លើផ្ទៃដី១ហិកតា ដោយចំណាយថវិកាអស់ជាង ១០លាន ដុល្លារអាមេរិកនេះ គឺជាទុនវិនិយោគផ្ទាល់របស់កូនខ្មែរ សុទ្ធសាធ ពុំមានរួមសហការជាមួយបរទេសណា នោះ ឡើយ។ នេះជាមោទនភាពមួយរបស់ជនជាតិខ្មែរដែល មានលទ្ធភាព សមត្ថភាព គ្រប់គ្រាន់ អាចបើករោងចក្រផលិតភេសជ្ជៈប្រកបដោយគុណភាព និងអាចប្រកួតប្រជែងបាន ជាមួយផលិតផលបរទេស នាយុគន្ដកសម័យ ទីផ្សារទំនើប ។
លោក ស្រីបានបន្ដថា៖ ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា លោកស្រី នៅតែបន្ដគាំទ្រ និងផ្ដល់ការលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុនផលិតកម្ម, សិប្បកម្ម, ឧស្សាហកម្ម ក្នុងស្រុកបន្តដាក់ទុនវិនិយោគបើករោងចក្រផលិតទំនិញ ឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុង ស្រុក និងឈានដល់ការនាំចេញទៅលើនៅទីផ្សារក្រៅប្រទេស ឲ្យបានច្រើន ។
លោកស្រីបន្ថែមថា៖ រោងចក្រនេះពិតជារួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើផ្នែកឧស្សាហ កម្ម និងសិប្បកម្ម ដោយបានផលិតចេញជាផលិតផលប្រកប ដោយគុណភាព អនាម័យខ្ពស់គោរពតាមបទដ្ឋាន ភូតគាមអនាម័យបានល្អ ជួយទ្រទ្រង់ដល់សុខភាពអ្នកប្រើប្រាស់ផង ព្រមទាំងជួយផ្តល់ការងារ និងចំណូលដល់កម្មករ និងបុគ្គលិកជាច្រើននាក់ផង។
គម្រោងវិនិយោគទុនលើវិស័យឧស្សាហកម្ម និងសិប្បកម្មនេះពិតជាកើតឡើងចំពេលដែលកម្ពុជាកំពុងមាន ស្ថាន ភាព សេដ្ឋកិច្ចលូតលាស់ ដ៏លឿនមានស្ថិរភាព នយោបាយ ល្អ និងគោលនយោបាយរដ្ឋ គាំទ្រដល់ឧស្សាហកម្មសិប្បកម្ម។ ជាក់ស្តែង បច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងសកម្មចុះជួបបងប្អូនកម្មករ កម្មការិនីតាម រោងចក្រជាបន្តបន្ទាប់ គឺដើម្បី បង្កើនភាពស្និទ្ធស្នាលជាមួយកម្មករ កម្មការិនីផង និងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មផង ។
លោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ រាជធានីភ្នំពេញ មានមោនភាពណាស់ ព្រោះថា រាជធានីភ្នំពេញ បាននិងកំពុងតែរីកលូតលាស់ និងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ទាក់ទាញ និង រស់រវើកដែលមានសកម្មភាពអាជីវកម្មមមាញឹក មានហាងលក់ ទំនិញ និងសំណង់ធំៗ ជាពិសេសផ្សារទំនើបៗ ខ្នាតអន្តរជាតិបានរីកដុះដាលដូចផ្សិត និងមានរោងចក្រផលិតទំនិញរីកដុះដាលយ៉ាងរហ័ស ផងដែរ ៕ សំរិត