ភ្នំពេញ៖ ជម្លោះរវាងភាគីម្ខាងមានគ្នាជាង១០នាក់ និងម្ខាងទៀតមានគ្នាតែម្នាក់ឯង ទើបបណ្តាលឲ្យ រងរបួសធ្ងន់ត្រូវបងប្អូនសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍ជម្លោះដែលបង្កឲ្យហិង្សាគឺបង្កឡើងកាលពីវេលាម៉ោងកាលពីវេលា៨និង០០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ទីតាំងស្ថិតនៅក្នុងបន្ទប់ដែលសម្រាប់អ្នកធ្វើការសំណង់ស្នាក់នៅ ដែលស្ថិតនៅក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ដុស ចាននឿន អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្បែរគ្នាជាមួយនិងក្រុមជនបង្ក ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា មុនពេលកើតហេតុ ភាគីមួយក្រុមមានគ្នាជាង១០នាក់ កំពុងមានកម្មវិធីផឹកស៊ី ពេលនោះមិនដឹងថា អ្នកណាបិទភ្លើងកន្លែងក្រុមកម្មករផ្សេងទៀត ដែលកំពុងសម្រាក់ ពេលនោះជនរងគ្រោះមកសួរថា «ពីណា បិទភ្លើង» រួចក៏បានទាស់ពាក្យសម្តីគ្នា ក៏បង្កក្លាយជាហិង្សា ក៏ព្រួតគ្នាវាយទៅលើជនរងគ្រោះតែម្តង។
អ្នកឃើញហេតុការណ៍ផ្ទាល់ក៏បានចូលជួយឃាត់ផងដែរ ទើបបណ្តាលឲ្យជនរងគ្រោះរងរបួសដៃ និងក្បាលយ៉ាងដំណំ បើមិនមានអ្នកចូលឃាត់នោះទេ មិនដឹងថាធ្ងន់ប៉ុណ្ណានោះទេ។
ក្រោយពេលកើតហេតុភ្លាមៗ សាច់ញាតិជនរងគ្រោះក៏បាននាំជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យដើម្បីព្យាបាលរបួស។
លុះនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ សាច់ញាតិជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងកាលពីវេលាម៉ោង២និង ០០នាទីរសៀល នៅប៉ុស្តិ៍រដ្ឋបាលចោមចៅ ដើម្បីជួយរកយុត្តិធម៌ឲ្យជនរងគ្រោះផងដែរ ។ ក្រោយពេលបានទទួលដំណឹងរបស់ជនរងគ្រោះរួច ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះទៅឃាត់ខ្លួនក្រុមជនបង្កនៅឯការដ្ឋានសំណង់ក្បែរនឹងកន្លែងដែលបង្កហិង្សានោះតែម្តង ដោយសារតែជនរងគ្រោះចំណាំមុខអត់បានអស់ ទើបឃាត់ខ្លួនជនដែលស្គាល់មុខតែប៉ុណ្ណោះ គឺឃាត់បានចំនួន៤នាក់ សុទ្ធតែជាកម្មរសំណង់ដែលធ្វើការជាមួយជនរងគ្រោះទាំងអស់។
ក្រោយពីឃាត់ខ្លួនទើបកម្លាំសមត្ថកិច្ចនាំមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ និងឲ្យភាគីទាំងសងខាងដោះស្រាយគ្នាតាមនីតិវិធី៕ សុខាសែនជ័យ