ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកស្នើដល់យោធាមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សាទៅលើក្រុមជនជាតិភាគតិចរ៉ូហីុងយ៉ា

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពិសេសគឺក្រុមជនជាតិភាគតិចរ៉ូហុីងយ៉ា ដែលបានស្លាប់និងភៀសខ្លួនជាច្រើនបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ានៅតែមិនទាន់មានដំណោះស្រាយសមស្រប់បញ្ចប់វិបត្តិនៅឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើមេទ័ព មីយ៉ាន់ ម៉ា បានបដិសេធជាមួយនឹងតួលេខជន ភៀសខ្លួន រ៉ូហ៊ីងយ៉ា ដែលបានរត់ចេញ ពីរដ្ឋរ៉ាឃីន ទៅប្រទេសបង់ក្លាដែស។ នៅក្នុងទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន មេទ័ព មីយ៉ាម៉ា Min Aung Hlaing បានលើកពី ការឃោសនាបំប៉ោងព័ត៌មានស្តីពីជនជាតិរ៉ូហ៊ីងយ៉ា នៅតាមប្រព័ន្ធផ្សព្វផ្សាយ។ ចាប់តាំងពីកើតមានវិបត្តិរ៉ូហ៊ីងយ៉ា នៅពាក់ កណ្តាលខែសីហាមកគឺ នេះជាលើកទី១ ដែលមេបញ្ជាការកងទ័ពជាន់ខ្ពស់របស់ មីយ៉ាន់ម៉ា ចេញមុខនិយាយពីការរត់ភៀសខ្លួនរបស់ជនជាតិរ៉ូហ៊ីងយ៉ា។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត អាមេរិកប្រចាំទីក្រុងរ៉ង់ហ្គូន ប្រមុខកងទ័ព មីយ៉ាន់ម៉ា លោក Min Aung Hlaing បាន បញ្ជាក់អះអាងជាថ្មីថា ជនជាតិរ៉ូហ៊ីងយ៉ា មិនមែនជាប្រជាជនដែលមានដើមកំណើតនៅមីយ៉ាន់ម៉ានោះទេ។ សម្រាប់អគ្គមេ បញ្ជាការកងទ័ពមីយ៉ាន់ម៉ាជនជាតិរ៉ូហ៊ីងយ៉ា ដែលពីដើមគេហៅថា បង់ហ្គាលី គឺជាក្រុមប្រជាជនមកពីតំបន់បង់ហ្គាល់របស់ប្រទេសបង់ក្លាដែស។ ឯកសារប្រវត្តិ សាស្រ្ត ានបង្ហាញថា ក្រុមអាណានិគម និយមអង់គ្លេសបាននាំក្រុមបង់ហ្គាលី នេះ ចូលទឹកដីមីយ៉ាន់ម៉ា កាលពីអង់គ្លេសធ្វើ ជាម្ចាស់ អាណានិគមលើមីយ៉ាន់ម៉ា។ នេះបើតាមខ្លឹមសារអត្ថបទនៅទំព័រសង្គមហ្វេសប៊ុករបស់ប្រមុខកងទ័ពមីយ៉ាន់ម៉ា ដែលចុះផ្សាយនៅក្រោយជំនួបជាមួយឯកអគ្គរដ្ឋ ទូតអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែ តុលា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងស្ថានភាពខាងលើ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានសម្ដែងការព្រួយបារម្ភអំពី វិបត្តិមនុស្សធម៌ និងអំពើហិង្សាដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី២៧ ខែតុលា។

យោងតាមអ្នកនាំពាក្យរបស់ក្រសួង ការបរទេសអាមេរិក បានឲ្យដឹងថា លោក Rex Tillerson បានអំពាវនាវឱ្យមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing ជំរុញឱ្យកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាគាំទ្ររដ្ឋាភិបាលក្នុងការបញ្ចប់អំពើហិង្សានៅរដ្ឋ រ៉ាឃីន និងរក្សាសុវត្ថិភាពពេលជនភៀសខ្លួនទាំងនោះត្រឡប់មកមីយ៉ាន់ម៉ាវិញ អំឡុងពេលមាន វិបត្តិនេះជាពិសេស ចំនួនជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងច្រើនសន្ធឹក សន្ធាប់។

លោក Tillerson បានសម្តែងការព្រួយ បារម្ភអំពី “វិបត្តិមនុស្សធម៌ដែលត្រូវបាន បន្ត និងសេចក្តីរាយការណ៍អំពីអំពើឃោរឃៅ” ហើយបានស្នើឱ្យមេបញ្ជាការកង កម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា សម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលបានផ្លាស់ទីលំនៅដោយជម្លោះរយៈពេល២ខែនេះ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កំពុងតែពិចារ ណា ដើម្បីរៀបចំធ្វើសេចក្តីសម្រេចចិត្ត មួយក្នុងគោលបំណង ចាប់បង្ខំរដ្ឋាភិបាលមីយ៉ាន់ម៉ាឲ្យបិទបញ្ឈប់រាល់សកម្មភាព ហិង្សា ធ្វើបាបទៅលើសហគមន៍ជនជាតិ អ៊ិស្លាមរ៉ូហ៊ីងយ៉ា។ ក្នុងរយៈពេល៣ខែចុង ក្រោយនេះ មានជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់បានរត់ភៀសខ្លួនទៅបង់ក្លាដែស ដើម្បីគេចចេញពីការធ្វើបាប និងបន្ទាប់ពី ផ្ទះសម្បែងរបស់ពួកគេ ត្រូវបានដុតបំផ្លាញ ដោយកងទ័ពមីយ៉ាន់ម៉ានៅរដ្ឋរ៉ាឃីន។

បារាំងនិងអង់គ្លេស បានចេញមុខរៀបចំស្នើគម្រោងសេចក្តីសម្រេចចិត្តមួយ ទៅ កាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហ ប្រជាជាតិ កាលពីថ្ងៃពុធកន្លងទៅ។ បើតាមប្រភពពីមន្ត្រីទូតនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា សំណើសេចក្តីសម្រេចចិត្ត នេះ មិនមែនជាគម្រោងដាក់ទណ្ឌកម្មអ្វីទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ាទេ តែជាអត្ថបទដែលមានខ្លឹមសារម៉ឺងម៉ាត់ និងចាប់បង្ខំឲ្យមីយ៉ាន់ម៉ាគោរពឲ្យខាងតែបាន។

អត្ថបទស្នើដែលមានកម្រាស់៦ទំព័រនេះ មានខ្លឹមសារសង្កត់ធ្ងន់ទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ជាបន្ទាន់ នូវ សកម្មភាពប្រើកម្លាំងទាហាន និងនគរ បាលដែលធ្វើបាបដុតភូមិស្រុក និងវាយ បណ្តេញប្រជាជនរ៉ូហ៊ីងយ៉ា។ ទីពីរ មីយ៉ាន់ ម៉ា ត្រូវអនុញ្ញាត ឲ្យមន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិ ចុះទៅរដ្ឋរ៉ាឃីន ដើម្បី ត្រួតពិនិត្យស្ថានការណ៍ និងស្រង់យកសក្ខី កម្មនានា ពីសំណាក់ប្រជាជនរ៉ូហ៊ីងយ៉ា។ ទីបីរដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវបើកផ្លូវ សម្រួល ដល់ការធ្វើអន្តរាគមន៍របស់អង្គការមនុស្សធម៌នានា ដែលមានបំណងទៅជួយប្រជា ជនរ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន។ ទីបួន គឺមីយ៉ាន់ម៉ាត្រូវទទួលយកនូវការបង្កើតគណៈកម្មការពិសេសមួយ ដើម្បីការពារសិទ្ធិរបស់ជនជាតិរ៉ូហ៊ីងយ៉ា ដោយមានលោក កូហ្វ៊ី អាណាន់ជាប្រធាន។

តែយ៉ាងណា មន្ត្រីអង្គការសហប្រជា​ជាតិមួយចំនួនបានថ្លែងថា គម្រោងសេចក្តី សម្រេចចិត្តនេះ អាចនឹងជួបការលំបាក ក្នុងពេលពិភាក្សាគ្នា ព្រោះថាភាគីចិនបានបដិសេធមិនទទួលយកជាដាច់ខាត។ ចិនមានចេតនាបង្អាក់ មិនឲ្យអង្គការសហ ប្រជាជាតិ ចាត់វិធានការអ្វីទាំងអស់ ទៅ លើរដ្ឋាភិបាលមីយ៉ាន់ម៉ា ព្រោះចិនបាន ចេញមុខការពារសកម្មភាពហិង្សាររបស់ កងទ័ពមីយ៉ាន់ម៉ាទៅលើជនជាតិរ៉ូហ៊ីងយ៉ា ថាជារឿងត្រឹមត្រូវ។

គួរបញ្ជាក់ថា យោងតាមតួលេខរបស់ អ្នកសង្កេតការណ៍នៃអង្គការសហប្រជាជាតិគិតចាប់ពីខែសីហាមក គឺមានជនជាតិ រ៉ូហ៊ីងយ៉ា ប្រមាណជា៥៨ម៉ឺននាក់បានរត់ភៀសខ្លួន ឆ្លងពីខេត្តរ៉ាឃីន ចូលទៅបង់ ក្លាដែស។ នៅបង់ក្លាដែសពួកគេរស់នៅ ក្នុងជំរំបណ្តោះអាសន្នតាមគុម្ពោធព្រៃក្នុងលក្ខខណ្ឌយ៉ាងលំបាកវេទនាជាទីបំផុត។

កន្លងមកអង្គការសិទ្ធិមនុស្សជាច្រើន បានស្តីបន្ទោសទៅអង្គការសហប្រជាជាតិ ថានៅឈរព្រងើយឱបដៃមិនព្រមចាត់វិធានការឲ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើអមនុស្សធម៌នេះ។ យ៉ាងណាមិញលោក ស្រី Lee Yanghee អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅ មីយ៉ាន់ម៉ាបានលើកឡើងថា ទុក្ខវេទនា របស់ជនជាតិរ៉ូហ៊ីងយ៉ា មិនមែនទើបតែ ចោទឡើងទេ ហើយវាដល់ពេលហើយ ​ដែលសហគមន៍អន្តរជាតិត្រូវធ្វើអ្វីម្យ៉ាង ព្រោះវាបានរីកក្លាយជាវិបត្តិតំបន់មិនមែនគ្រាន់តែជាវិបត្តិផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទៀតឡើយ៕ ម៉ែវ សាធី


ចែករំលែក៖