ខេត្តតាកែវ ៖ យុវជន២នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបានបើករ៉ឺម៉កម៉ូតូ ទៅបុកនឹងរថយន្ត ពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះទាំង២នាក់ ទី១.ឈ្មោះសឹម និច ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (អ្នកបើករ៉ឺម៉ក) រងរបួសស្រាល ទី២.ឈ្មោះរ៉ាន់ ភេទប្រុស អ្នករួមដំណើរ រស់នៅភូមិ ឃុំជាមួយគ្នា រងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តមានឈ្មោះថេវ រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា នៅមុនពេលកើតហេតុ យុវជន២នាក់ បានបើករ៉ឺម៉កម៉ូតូមកពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿនមធ្យម ចំណែកឯរថយន្តCamryបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាខលេខ ភ្នំពេញ 2AC.5264 បានបោះពួយមកពីលិចទៅកើត ស្រាប់តែមកដល់កន្លែងមិនដឹងជាយ៉ាងម៉េច ស្រាប់តែរ៉ឺម៉កម៉ូតូបានរេចង្កូតទៅឆ្វេង បុកជាមួយរថយន្ត ចំពីចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ចំណែកឯម៉ូតូរ៉ឺម៉កខ្ទេចគ្មានសល់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តហើយ និងរ៉ឺម៉កម៉ូតូ ត្រូវបានយកទៅផ្ទះរៀងៗខ្លួន ដោយមិនមានអ្នកណាសងអ្នកណាទេ ៕ ភ្នំដា