ព័ត៌មានទាន់ហេតុការណ៍៖

ចូលម៉ាស្សាបាត់លុយ៣៥០ដុល្លាររត់ទៅប្តឹងនគរបាលឲ្យជួយពួកនាងៗសងតែ១៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នារីបម្រើការនៅហាងម៉ាស្សា៣នាក់បានលួចយកលុយភ្ញៀវដែលចូលទៅម៉ាស្សាចំនួន៣៥០ដុល្លារតែឆ្លើយថា មិនដឹងទើបជនរងគ្រោះប្តឹងទៅសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរភ្លាមៗកាលវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៧ នៅហាងម៉ាស្សាយីហោ ស្រីពេជ្រតាមបណ្តោយផ្លូវបេតុងចូលទៅ វត្តអង្គតាមិញ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

នារីជាជនសង្ស័យ៣នាក់ដែលសមត្ថ កិច្ចហៅទៅសាកសួរនោះមាន ទី១-ឈ្មោះ សឿន ស្រីពេជ្រ អាយុ២៧ឆ្នាំ មុខរបរថៅកែ ហាងម៉ាស្សាកោសជប់ខាងលើ, ទី-២-ឈ្មោះ ស៊ុន វណ្ណី អាយុ២៥ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះកោសជប់ស្រីពេជ្រភូមិកើតហេតុខាងលើ និងទី៣-ឈ្មោះ លី ល័ក្ខ អាយុ២៧ឆ្នាំ មុខរបរកោសជប់ស្នាក់នៅផ្ទះកោសជប់ស្រីពេជ្រ។ ចំណែកឯជនរងគ្រោះមានគ្នា២នាក់គឺឈ្មោះ អុឹង ឡងឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដេរសាឡុង ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ អឿន សុខគីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ធ្វើដែកអុីណុក ស្នាក់នៅភូមិថ្មគោល សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ឈ្មោះ អឹុង ឡងឌី បាននិយាយថា មុនពេល កើតហេតុរូបគាត់ទាំង២នាក់មិនស្រួលខ្លួនក៏បានចូលទៅម៉ាស្សានៅក្នុងហាងខាងលើ។ ពេលទៅដល់ពួកនាងៗម៉ាស្សាបានតម្រូវឲ្យពួកកាត់ដោះសម្លៀកបំពាក់ខាងក្រៅចេញយកទៅព្យួរក្បែរជញ្ជាំងដើម្បី ងាយស្រួលម៉ាស្សា ហើយពួកគាត់ក៏ធ្វើតាម រហូតដេកលក់។ ក្រោយម៉ាស្សារួចក៏នាំគ្នា វិលត្រឡប់ទៅផ្ទះវិញតែមិនបានដឹងថាបាត់លុយពីក្នុងហោប៉ៅនោះទេ លុះប្រហែល ១ម៉ោងខ្លួនស្ទាបក្នុងហោប៉ៅទើបដឹងថា បាត់លុយ១៥០ដុល្លារជាលុយសល់ពីបើកប្រាក់ខែក៏បានប្រាប់ទៅមិត្តភក្ដិឈ្មោះ អឿន សុខគីម ឲ្យដឹង។ ភ្លាមនោះមិត្តភក្តិឈ្មោះ អឿន សុខគីម ក៏ស្ទាបលូកយកកាបូបលុយ របស់ខ្លួនមកមើលស្រាប់តែភ្ញាក់ខ្លួនព្រើតព្រោះបាត់លុយអស់២០០ដុល្លារដែរក្នុងហាងម៉ាស្សានេះ ហើយមិនអស់ចិត្តក៏នាំគ្នា ទៅសួរនាំម្ចាស់ហាងម៉ាស្សាតែជនសង្ស័យខាងលើបានប្រកែកថាកន្លែងម៉ាស្សារបស់គាត់មិនដែលលួចយកលុយភ្ញៀវទេ ព្រោះទើបនឹងបើកបាន៤ថ្ងៃតែប៉ុណ្ណោះ ។

ជនរងគ្រោះបន្តទៀតថា ដោយសារនារី ម៉ាស្សាទាំងនេះបដិសេធមិនព្រមសារភាព ពួកគាត់បានទៅប្តឹងដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅឲ្យមកជួយធ្វើអន្តរាគមន៍តែការជួយធ្វើអន្តរាគមន៍សាកសួរដេញដោលរបស់សមត្ថកិច្ចជាច្រើនម៉ោងនៅតែជន សង្ស័យបដិសេធរហូត ។

ក្រោយមកសមត្ថកិច្ចរិះរកគន្លឹះដេញដោលគ្រប់វិធីទើបជនសង្ស័យមិនហ៊ាន ប្រកែកសុខចិត្តសងជនរងគ្រោះតែចំនួន ១៥០ដុល្លារ គ្រាដែលពួកនាងៗថា កុំឲ្យ មានបញ្ហាវែងឆ្ងាយ ព្រោះពួកខ្លួនមិនបានលួច(សង្ស័យបក្ខពួកផ្សេងជាអ្នកលួច ហើយគេចខ្លួនបាត់)។ ចំណែកជនរងគ្រោះ ដោយនឹកឃើញថា សឹងបាត់លុយទាំង អស់អត់ប្រយោជន៍ក៏សុខចិត្តទទួលយក ១៥០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង ៕ ប្រាថ្នា


ចែករំលែក៖