ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាម១គ្រឿងបើកលឿនបុកចូលផ្ទះប្រជាពលរដ្ឋសង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឆ្លាមមួយគ្រឿងបោះពួយយ៉ាងលឿនហើយ ក៏រេចង្កូតទៅបុកចូលផ្ទះលក់ចាប់ហួយ និងអ៊ុតសក់យីហោ ស៊ីណា បណ្តោលឲ្យផ្លូវរងការខូចខាតយ៉ាងដំណំ សង្ស័យអ្នកបើកបរស្រវឹងស្រា។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ត្រង់ចំណុចផ្ទះលេខ៤២១ ផ្លូវភ្នំពេញ ហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2K-5894 បើកបរដោយបុរស និងនារីម្នាក់រួមដំណើរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា រថយន្តបង្កខាងលើបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ដោយសារតែស្រវឹងខ្លាំងពេក មិនអាចគ្រប់គ្រង់ស្មារតីបាន ក៏រេចង្កូតទៅខាងស្តាំទៅបុកជញ្ជាំងផ្ទះកើតហេតុខាងលើធ្លាយចូលទៅបុកសម្ភារអ៊ុតសក់ និងអីវ៉ាន់ចាប់ហ៊ួយបណ្តាលឲ្យរងការខូចខាតអស់មួយចំនួនធំ តែអ្នកនៅក្នុងផ្ទះពុំមានរងរបួសនោះទេ ។ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ ហើយភ្លាមៗនោះក៏ឃើញមាននារីម្នាក់ដែលរួមដំណើរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្បែកជើងមួយគូនៅក្នុងរថយន្ត ដោយឡែកបុរសជាអ្នកបើកបររងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពពន្លឺ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖