សេចក្តីរាយការណ៍បានឲ្យដឹងថា លោក ហុង ណាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង លោក គង់ វិចិត្ត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មានសិទ្ធិអំណាច បង្កព្យុះភ្លៀង អនាធិប តេយ្យនៃការដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញ ក្នុងការប្រមូលលុយពីបទល្មើស ដឹកជញ្ជូនទំនិញគេចពន្ធឈើប្រណីតនិងអាហារខូចគុណភាពទៅតាមជំនាញឲ្យបង់លុយ តាម តែអំពើចិត្ត ដើម្បីប្រមូលលុយច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន ។
ប្រជាពលរដ្ឋនិងអ្នករកស៊ីដឹកទំនិញ បាននិយាយថា នៅតាមបណ្តោយជាយដែន រួមមានមេមត់និងស្រុកពញាក្រែក ឈ្មួញដឹកជញ្ជូនដឹកឈើប្រណិត ឆ្លងទៅប្រទេសវៀតណាម តាមច្រករបៀង និងឈ្មួញនាំចូល ទំនិញគេចពន្ធគ្រប់ប្រភេទ មកពីប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមន្ត្រី គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ ជាពិសេសលោក លោក ហុង ណាក់ និង លោក គង់ វិចិត្ត កំពុងតែសប្បាយ ក្នុងការប្រមូលលុយ ពីឈ្មួញទាំងនោះ។ បទល្មើសនៃការនាំទំនិញបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម និងជំនួញឈើខុសច្បាប់ចូលទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្រោមការគ្រប់គ្រង របស់លោក ហុង ណាក់ ជាអ្នកក្តោបចំណូលយកទៅបង់ជូន ថ្នាក់លើ។
ប៉ុស្តិ៍ជជុះរបស់នគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ក្រោមបញ្ជារបស់លោក ហុង ណាក់ និងលោក គង់ វិចិត្ត រួមមានទី១ គល់ស្ពានជ្រាវ ២.ត្រពាំងថ្ម ៣.ចំណុចភូមិចំការគរ ឃុំដារ ស្រុកមេមត់ ៤. មានទីតាំងស្ថិតនៅសង្កាត់វិហារហ្លួង ក្រុង សួង និងទី៥ នៅចំណុចភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក ជិតសន្តិសុខ ៧០១ចំងាយ១គីឡូមែត្រពីសាលាខេត្តត្បូងឃ្មុំចាស់។
លោកគង់ វិចិត្តចាត់តាំង ឲ្យមន្ត្រីស្លៀកពាក់ស៊ីវិល ហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះប្រមូលលុយពី ឡានដឹកទំនិញឡាន ដឹកឈើ និងឡាន ដឹកកសិផល និងអាហារខូចគុណភាពដើម្បី បន្លំភ្នែកសាធារណជន ប៉ុន្តែរឿងពិតកម្លាំង នគរបាលសេដ្ឋកិច្ច លោក ហុង ណាក់ ជាស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសជាមេកើយបាន ចេញទៅប្រមូលលុយ ថ្លៃក្បាលឡានដឹកទំនិញគ្រប់ប្រភេទយក ទៅចែកគ្នាធ្វើមានធ្វើបានមួយថ្ងៃៗមិនដឹងជាយកទៅណាអស់ទេ ហើយក៏មិនដែលមាននរណាហ៊ានសួរនាំពីបញ្ហានេះ ក៏ព្រោះតែលោក ហុង ណាក់ មានឥទ្ធិពល ធំធេង ណាស់។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា កូនចៅលោក ហុង ណាក់ និង លោក គង់ វិចិត្ត ដែលឈរ ជើងតាមប៉ុស្តិ៍ជជុះ សុទ្ធតែមានជំនាញប្រដេញតាមឡានដឹកឈើ និងឡានដឹក ទំនិញនិងអាហារខូចគុណភាព ឲ្យចូលបង់លុយធ្វើឲ្យគ្រប់ៗគ្នា ញាក់សាច់ ហើយ ពេលខ្លះនគរបាលទាំងនោះ ដើរតួជាសមត្ថកិច្ច ផង ដើរតួជាតុលាការផងគឺប្រដេញ ចាប់ ឡានដឹកទំនិញ ឬឡានដឹកឈើ ឲ្យចូលបង់លុយស្ងាត់ៗ ហើយក៏ដោះលែង ទៅវិញដោយមិនបានសុំយោបល់ពីព្រះរាជអាជ្ញា ឬរាយការណ៍ជូនថ្នាក់លើនោះទេ ៕