ព័ត៌មានទាន់ហេតុការណ៍៖

ខ្ញុង និងនាយកៃដ ចង់រៀបការក្រោយវិលពីអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីប្រកាសសែនព្រេនយកគ្នាជាប្តីប្រពន្ធ នាង ខ្ញុង និងនាយ កៃដ កាន់តែសម្រុកចេញច្រៀងរាំរកលុយរួមគ្នា។ ពួកគេ ក៏គ្រោងដឹកដៃគ្នាចេញទៅច្រៀងរាំរួមគ្នាលើកដំបូងនៅលើទឹកដី នៃសហរដ្ឋអាមេរិកផងដែរ ហើយពួកគេនឹងរៀបចំមង្គលការធំដុំមួយក្រោយពីបញ្ចប់ការច្រៀងរាំនៅទីនោះ។

ក្រោយរួមរស់ជាមួយគ្នា ខ្ញុងនិងនាយ កៃដបានបន្តការងារសិល្បៈកំប្លែង រួមទាំងពង្រីកការងារទាក់ទិននឹងសិល្បៈមួយចំនួនទៀតទាំងពង្រីកក្រុមតន្ត្រីសម័យ និងទទួលរៀបចំធ្វើម្ហូបក្នុងពិធីផ្សេងៗផងដែរ។ ចំណងស្នេហ៍នេះបានធ្វើឲ្យដំណឹងស្នេហាជាមួយនាយពាក់មីបានបញ្ចប់ ហើយពួកគេបានប្រកាសមិនរំលឹក និងប្រកាន់រឿងអតីតកាលកន្លងទៅ។

នាយកៃដអះអាងថានាយស្រលាញ់អ្នកនាងខ្ញុងយ៉ាងពិតប្រាកដទើបសម្រេចចិត្តចាប់ដៃកសាងសុភមង្គលរួមគ្នាហើយមិនត្រឹមតែនាយគ្រោងរៀបការជាទ្រង់ទ្រាយធំនាពេលខាងមុខទៀតផង។ លោកថាពេលនេះលោក និងភរិយាកំពុងដុតដៃដុតជើងរកលុយសិន បើទោះបីជាមានជម្រករួមគ្នាទៅហើយក្តី ហើយឆាប់ៗនេះលោក និងភរិយាក៏ក្រោងចេញទៅសម្តែងរួមគ្នាលើកដំបូងនៅលើទឹកដីនៃសហរដ្ឋអាមេរិកផងដែរ ។ ចំណែករឿងមង្គលការធំដុំអាចនឹងធ្វើក្រោយពេលវិលពីអាមេរិក។

គួរបញ្ជាក់ដែរថា ចំណងស្នេហារវាង នាយ កៃដ និងនាង ខ្ញុងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលក្រោយពីពួកគេបានទម្លាយរឿងសែនព្រេនទទួលយកគ្នាជាប្តីប្រពន្ធ។ ការទទួលយកគ្នានេះក្រោយពេលនាយកៃដបែកបាក់ភរិយាអស់ជាង២ឆ្នាំ និងក្រោយពីចំណងស្នេហ៍ក្រៅឆាករបស់នាងខ្ញុង និងពាក់មីត្រូវបានបញ្ចប់៕ វឌ្ឍនា


ចែករំលែក៖