ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនចាប់ហ្រ្វាំងមិនទាន់ទៅប៉ះរថយន្តជនជាតិកូរ៉េដួលរបួសបែកក្បាល

ចែករំលែក៖

ភ្នំពេញៈ រថយន្ត RAV4 មួយគ្រឿង បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ ម៉ូតូសង់កូរ៉េបើកប៉ះ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូដួលបោកក្បាលទៅលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង៤និង៥០នាទីព្រឹកព្រលឹមឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថី ព្រះនរោត្តម កែងនឹងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ជាជនជាតិកូរ៉េ វ័យចំណាស់ម្នាក់មានវ័យជាង ៥៩ឆ្នាំ បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា RAV4 L ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AM-1064 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៦ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម។លុះពេលមកដល់កន្លែងកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន កែងនឹង មហាវិថី ព្រះនរោត្តម ស្រាប់តែមានបុរសម្នាក់អាយជាង២០ឆ្នាំ ជិះម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ ជិះតែម្នាក់ឯងធ្វើដំណើរ តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ពេលមកដល់កន្លែងកើតហេត ស្រាប់តែវាក់នឹងរថយន្តនេះហើយជនរងគ្រោះចាប់ហ្រ្វាំងមិនទាន់ បានព្យាយាមជិះគេចពីរថយន្តនេះ ដែរ តែគេចមិនផុត ក៏ជ្រុលប៉ះជាមួយក្បាលរថយន្តធ្វើឲ្យរេចង្កូតម៉ូតូទៅបុកខឿនផ្លូវដួលបោកក្បាលមួយទំហឹងដួលបែកក្បាលហូរឈាមរងរបួសធ្ងន់ភ្លាមមួយរំពេច។

ប្រភពដដែលបាន បន្តថា ភ្លាមៗនោះ គេក៏បានឃើញ បុរសជនជាតិកូរ៉េ ដែលជាអ្នកបើកបររថយន្ត RAV4 ខាងលើ បានចុះពីលើរថយន្តភ្លាមៗ ហើយទៅជួយសង្គ្រោះបឋមដល់បុរសរងគ្រោះ ព្រមទាំងឲ្យបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ជួយហៅរថយន្តសាមុយមកដឹកយកបុរសរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ជាមួយគ្នានេះដែឬបុរសជនជាតិកូរ៉េខាងលើ មិនរត់ទៅណាទេ គឺបានទៅមន្ទីរពេទ្យធ្វើការដោះស្រាយជាមួយភាគីជនរងគ្រោះតាមសម្រួល។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍បានចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖