ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មបើករថយន្តបុកកណ្តាលទីក្រុងញូវយ៉កស្លាប់និងរបួសជាង២០នាក់

ចែករំលែក៖

រថយន្តមួយគ្រឿង បានបើកចូលផ្លូវសម្រាប់អ្នកជិះកងនៅតំបន់ Manhattan ទីក្រុងញូវយ៉ក បុករះទៅលើអ្នកជិះកង់បណ្តាលឲ្យស្លាប់ ៨នាក់ និងរបួស១៥នាក់។ អភិបាលក្រុមញូវយ៉កបានប្រកាសថា នេះជាសកម្មភាពវាយប្រហារភេរវកម្មយ៉ាងថោកទាបបំផុត។

ការវាយប្រហារខាងលើ កើតឡើងចំថ្ងៃបុណ្យ Halloween កាលពីរសៀលថ្ងៃទី៣១ ខែតុលា ដោយបើកបុកតាមបណ្តោយផ្លូវរហូតដល់បុកបង្គោលទើបឈប់ រួចជនដៃដល់បានចេញពីរថយន្ត ហើយលើកកំាភ្លើងក្លែងក្លាយមុនពេលប៉ូលិសបាញ់ឲ្យរបួស និងចាប់ខ្លួន។

ហេតុការណ៍ខាងលើ កើតឡើងនៅជិតស្តូបមជ្ឈមណ្ឌលពាណិជ្ជកម្មពីភពលោក WTC ដែលរងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា នេះជាសកម្មភាពវាយប្រហារភេរវកម្ម ពេលជនដៃដល់ចេញពីរថយន្តបានស្រែកពាក្យថា Allahu Akbar (ព្រះជាម្ចាស់ដ៏អស្ចារ្យ) ជាពាក្យពេជ្យដែលសាសនិកអ៊ិស្លាមតែងតែនិយាយ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នេះជាការវាយប្រហារភេរវកម្មទ្រង់ទ្រាយធំបំផុត នៅទីក្រុងញូវយ៉ក បន្ទាប់ពីការវាយប្រាហរភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ទៅលើអគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។

ហេតុការណ៍ខាងលើ បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់នឹងកន្លែង និង២នាក់ទៀត ស្លាប់ពេញបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រៅពីនេះ នៅមានមនុស្ស១៥នាក់ទៀត រងរបួស តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

អភិបាលក្រុងញូវយ៉ក លោក Bill De Blasio បានបញ្ជាក់ថា នេះជាការវាយប្រហារភេរវកម្ម ថោកទាបបំផុត មកលើពលរដ្ឋស្លូតត្រង់។ សាក្សីនៅកន្លែងកើតហេតុ ឈ្មោះ Williams អាយុ២២ឆ្នាំ បានឲ្យដឹងថា គាត់បានឮស៊ូរស្នូរកាំភ្លើង ៤-៥គ្រាប់ ក្រោយមក ក៏ឃើញប៉ូលិសចាប់បញ្ជូនបុរសមាឌធំ សក់រួញម្នាក់។

អ្នកឃើញហេតុការណ៍ម្នាក់ទៀតឈ្មោះ Eugene បានបញ្ជាក់ថា រថយន្តដឹកទំនិញពណ៌ស បើកចូលផ្លូវសម្រាប់អ្នកជិះកង់ក្នុងល្បឿនយ៉ាងលឿន បុករ៉ះតែម្តងធ្វើឲ្យមានអ្នកស្លាប់ និងរបួសដេករដូករណែលពេញផ្លូវ។

ស្នងការប៉ូលិសក្រុងញូវយ៉កបានឲ្យដឹងថា ជនដៃដល់បានស្រែកនៅពាក្យមួយចំនួន ទើបកម្លាំងប៉ូលិសស្នន្និដ្ឋានថា ជាការវាយប្រហារភេរវកម្ម។ ការវាយប្រហារខាងលើ តាមបែប (ចចកឯកា) គឺការវាយប្រហារកើតឡើងតែម្នាក់ឯង មិនមានគម្រោងច្បាស់លាស់ណាមួយ។

ការវាយប្រហារតាមបែប (ចចកឯកា) បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅជុំវិញពិភពលោក ក្រោយពេលដែលក្រុមភេរវកម្ម នៅក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី ត្រូវបរាជ័យបាត់បង់ទីតាំងជាបន្តបន្ទាប់ ធ្វើឲ្យក្រុមនោះ ត្រូវបែកខ្ញែកលាក់ខ្លួននៅគ្រប់ទិសទីជុំវិញពិភពលោក៕ ម៉ែវ សាធី


ចែករំលែក៖