ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉ូឡាបើកលឿនបុកម៉ូតូខូចខាតយ៉ាងដំណំអ្នកជិះម៉ូតូរបួសស្រាល អ្នកបើករថយន្តដាក់មេប្រូច

ចែករំលែក៖

ភ្នំពេញៈ រថយន្តកូរ៉ូឡា ១គ្រឿងបានបោះពួយយ៉ាងលឿនរួច ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង តែសំណាងល្អ ម្ចាស់ម៉ូតូរងរបួសស្រាល ចំណែករថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង ឯអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅខាងកើតវង្វង់មូលវត្តភ្នំ ចំណុចមុខអគ្គិសនីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ម៉ាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរគ្រូបង្រៀនសាលាឯកជន ស្នាក់នៅគីឡូម៉ែត្រលេខ៦ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១១០ ស៊េរីឆ្នាំ១៩៩៤ ពណ៌ទឹកខ្មៅ គ្មានស្លាកលេខ។

ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះមានវ័យជាង៤០ឆ្នាំម្នាក់ជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6143 បើកមកពីក្រោយយ៉ាងលឿនរួចបាន ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យប៉ើងក្រដាស និងទំនិញដែលដឹកតាមម៉ូតូខ្ចាត់ខ្ចាយពេញផ្លូវ។ រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល តែម៉ូតូនិងរថយន្តទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តឃើញសភាពមិនស្រួល បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌដូនពេញ បានចុះទៅវាស់វែង រួចស្ទួចយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ប្រាថ្នា


ចែករំលែក៖