មនុស្សជាច្រើននាក់បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយកាលពីថ្ងៃទី១ ខែវិច្ឆិកា នៅក្នុងផ្សារទំនើប Walmart ក្នុងទីក្រុង Thornton រដ្ឋ Colorado ភាគខាងលិចអាមេរិក។
នៅក្នុងសេចក្តីប្រកាសតាមបណ្តាញ Twitter ស្នងការប៉ូលិសក្រុងThornton បានបញ្ជាក់ពីព័ត៌មានខាងលើដោយជនដៃដល់បានបើកការវាយប្រហារនៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់)ត្រូវនឹងព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជា ។ ជាមួយគ្នានោះ ប៉ូលិសក៏បានស្នើដល់ពលរដ្ឋឲ្យឃ្លាតឆ្លាយពីទីតាំងផ្សារទំនើបខាងលើ ។ នៅពេលនេះប៉ូលិសបានឡោមព័ទ្ធផ្សារទំនើបដើម្បីស្រាវជ្រាវ។
នៅពេលនេះ មិនទាន់មានព័ត៌មានលម្អិតស្តីពីជនរងគ្រោះនៅឡើយ ក៏ដូចជាមិនទាន់ដឹងច្បាស់ពី ចេតនារបស់ជនដៃដល់ផងដែរ។
បណ្តាញទូរទស្សន៍នៅក្នុងតំបន់បានផ្សាយថា បុរសម្នាក់ត្រូវបាញ់សម្លាប់ និងម្នាក់ទៀតរងរួសធ្ងន់ ក្នុងពេលនោះ ប៉ូលិស Thornton បានប្រកាសថា មានមនុស្សជាច្រើនរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឮសូរស្នូរកាំភ្លើង៥ទៅ៦គ្រាប់។
ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលទីក្រុងញូវយ៉កប្រឈមនឹងការវាយប្រហារភេរវកម្ម ដោយបើករថយន្តបុក ហ្វូងមនុស្សជិះកង់នៅតាមផ្លូវបណ្តាលឲ្យស្លាប់៨នាក់ និងរបួស១៥នាក់។
ការវាយប្រហារដោយបើករថយន្តបំបុកគឺជាលើកទីមួយនៅអាមេរិក ដែលជាប្រទេសទីមួយនាំមុខនៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មIS នៅក្នុងប្រទេសអីរ៉ាក់ និងស៊ីរី។ កន្លងមក ការវាយប្រហារបែបនេះ មានតែកើតឡើងនៅក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ ពេលនេះបានកើតឡើងនៅអាមេរិក គឺជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអ្នកធ្វើដំណើរ។
ក្រុមភេរវកម្ម បានឈប់ប្រើប្រាស់គ្រាប់រំសែវ ឬកាំភ្លើងទៀតហើយដែលងាយស្រួលធ្វើឲ្យប៉ូលិសសង្ស័យ ហើយអាចចាប់ខ្លួនគ្រប់ពេល ។ ការវាយប្រហារដោយបើករថយន្តបុក គឺជាវិធីសាស្ត្រវាយប្រហារ ដែលមានប្រសិទ្ធភាពបំផុតនាពេលបច្ចុប្បន្ន ដោយក្រុមសន្តិសុខមិនបានដឹងថា អ្នកណាជាភេរវកនោះឡើយ៕ ម៉ែវ សាធី