ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅមន្ទីរពេទ្យ និងចំនួន ៣នាក់ទៀតបានរងរបួសធ្ងន់រដូករណែលនៅចិញ្ចើមផ្លូវលើដី ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគូថម៉ូតូ នៅស្រុកក្រគរ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៦ និង២៥នាទីព្រលប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើចិញ្ចើមផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៤-១៥៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះខាងភាគីម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E 1299 ទី១ ឈ្មោះ ឡេវ សាន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)ពេលបញ្ជូនទៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ ជៀង ជុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់) អ្នកទាំង ២នាក់រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា មុនកើតហេតុគេឃើញរងគ្រោះស្លាប់ និងរបួសធ្ងន់ឈប់ម៉ូតូនៅកន្លែងកើតហេតុ គ្រានោះស្រាប់តែមានបុរស ២នាក់ដែលសមត្ថកិច្ចនគរបាលមិនស្គាល់នៅមិនទាន់ស្គាល់(អត្តសញ្ញាណ)នៅឡើយនោះ បានធ្វើដំរួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E 6646 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច ក៍បានជ្រុលបុកគូថម៉ូតូជនរងគ្រោះខាងលើបណ្ដាលឲ្យដួលស្លាប់ និងរងរបួសរដូករណែលនៅលើដីយ៉ាងរន្ធត់។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែជាអកុសល ក៏ត្រូវបានបាត់បង់ជីវិតចំនួន ១នាក់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ យកទៅរក្សាទុកជាបណ្ណោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន