ព័ត៌មានទាន់ហេតុការណ៍៖

បុរសលក់ការ៉េមកីម្នាក់ត្រូវរថយន្តថៃបុកស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសលក់ការ៉េមម្នាក់ ត្រូវរថយន្តសណ្តោងកន្ទុយថៃ កៀរ និងកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមុខធនាគារ អេ ប៊ី អេ ក្នុងភូមិបាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។

សាក្សីនៅកន្លែងកើតហេតុប្រាប់កាសែតនគរវត្តថា មុនពេលកើតហេតុរថយន្តសណ្តោងកន្ទុយថៃ និងម៉ូតូបើកស្របទិសគ្នា ស្រាប់តែដល់កន្លែងកើតហេតុរថយន្តបានឡើងជែងម៉ូតូ ទំនងជាទាក់ដៃចង្កូតបណ្តាលឲ្យម៉ូតូដួលចូលកង់រថយន្ត កិនទាំងម៉ូតូ និងជនរងគ្រោះបែកក្បាលស្លាប់ នៅកន្លែងកើតហេតុតែម្តង។

រថយន្តបង្កជារថយន្តសណ្តោងកន្ទុយប្រទេសថៃ ពណ៌ស មានស្លាកលេខ ថៃឡែន សារៈបុរី (7O- 4331) ជារថយន្តដឹកស៊ីម៉ង់ត៍ ក្រោយពេលកើតហេតុ តៃកុងបានចុះរត់គេចបាត់។ ចំណែកជនរងគ្រោះឈ្មោះ សំ យាន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាអ្នកការ៉េម ជិះម៉ូតូម៉ា ឌ្រីមសេរីឆ្នាំ ១៩៩៦ ពណ៌ខ្មៅ គ្មានស្លាកលេខ រស់នៅភូមិបាលិលេល្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍វាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមផ្លូវច្បាប់។ រីឯសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តសូរិយារាម(ហៅវត្តថ្មី)៕ វណ្ណា


ចែករំលែក៖