ខេត្តសៀមរាប៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបម្នាក់បានបើករថយន្តទំនើបក្នុងស្ថានភាពស្រវឹងស្រាជោកជាំក្នុង ល្បឿនលឿនបានបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង១២និង២៦នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៦ មុខផ្ទះសំណាក់លាងឆាយហុង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា បន្ទាប់ពីបើករថយន្តបុកជនរងគ្រោះរួច អ្នកបើកបរមិនបានឈប់នៅកន្លែងកើតហេតុទេគឺបានបើករត់អូសទាំងម៉ូតូនិងជនរងគ្រោះរាប់រយម៉ែត្រ ។
សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា កាល ពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នោះថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ពី ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិលេខ៦រវាងរថយន្តនឹងម៉ូតូបណ្តាល ឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទើបកម្លាំងជំនាញ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជនចុះទៅដល់កន្លែងកើតហេតុ ហើយដឹកអ្នករបួសយកទៅព្យាបាល ភ្លាមៗផងដែរ ។
សមត្ថកិច្ចបានបន្តថា ជនបង្កឈ្មោះ សំរិទ្ធ សុខុន មានតួនាទីជាព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបបើករថយន្តម៉ាកឡិចសុី៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8677 បើកបរក្នុងទិសដៅពី លិចទៅកើតក្នុងស្ថានភាពស្រវឹងបានបុកជាមួយម៉ូតូជិះបញ្ច្រាសទិសគ្នាជាប់ទាំង មនុស្ស និងម៉ូតូមានគ្នា២នាក់ពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់។ ពេលដែលរថយន្ត បុក ហើយបានអូសជនរងគ្រោះទម្លាក់ ប្រហែល៥០ម៉ែត្រ និងម្នាក់ទៀតបានធ្លាក់នៅមុខក្រុមហ៊ុនស្រាបៀរកម្ពុជាកែងផ្លូវ ចុងកៅស៊ូចាស់។ ចំណែកម៉ូតូអូសទៅដល់ មុខបុរីសុខលាភចម្ងាយហែលជាង៥០០ម៉ែត្រ ប៉ុន្តែជនបង្កនៅតែខំបើករថយន្តគេចទៀតត្រូវបានប្រជាពលរដ្ឋដេញតាមនាំគ្នាដាក់ម៉ូតូឡោមព័ទ្ធជាប់ ព្រមទាំងស្វាគមន៍ម្នាក់១ដៃម្នាក់១ជើង។ តែសំណាងល្អសមត្ថ កិច្ចទៅដល់នាំទាំងមនុស្សនិងរថយន្តបង្កមកកន្លែងការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកមិនតែប៉ុណ្ណោះពលរដ្ឋបាននាំគ្នា ដេញតាមមកដល់ស្នងការដ្ឋាននគរបាលខេត្តទៀតតែសមត្ថកិច្ចមិនឲ្យចូល ។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះទាំង ២នាក់នោះទី១-ឈ្មោះ តោ បារាំង ភេទ ប្រុស អាយុ២៧ឆ្នាំ (ជាអ្នកបើកម៉ូតូ(ស្លាប់) និងទី២-ឈ្មោះ គង់ វណ្ណី ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នករួមដំណើរពីក្រោយ) របួស បាក់ជើងខាងឆ្វេង២កំណាត់។ អ្នកទាំង២ រស់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
សាកសពជនរងគ្រោះត្រូវបានសមត្ថ កិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណី។ ចំណែកអ្នករបួសធ្ងន់កំពុង ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រីឯជនបង្កត្រូវបានដោះលែងទាំងយប់ដោយមានក្រុមមន្ត្រីតុលាការខេត្តសៀមរាបមកធានាឲ្យត្រឡប់ទៅផ្ទះវិញ ។
ករណីនេះនគរវត្តមិនអាចសុំការបំភ្លឺពីលោក សំរិទ្ធ សុខុន ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានទេកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ៕ សហការី