ខេត្តកំពង់ចាម៖ ថ្វីដ្បិតតែល្បិចទម្លាក់យោងដែលជាល្បិចកលចាស់គំរឹលក៏ពិតមែន តែវានៅតែមានប្រសិទ្ធភាពដដែលក្នុងការរៀបចំផែនការយកសំណទៅប្ដូរយក មាសសុទ្ធ ព្រោះអ្នកដែលចាញ់ល្បិចកល នេះសុទ្ធសឹងតែជាអ្នកចង់បានទ្រព្យសម្បត្តិអ្នកដទៃ ។
ជាក់ស្តែងមានករណីឆបោកមួយដោយ២នាក់ប្ដីប្រពន្ធបានចាញ់បោកល្បិចកល មួយនេះ អស់មាសជិត១តម្លឹងនិងទូរស័ព្ទដៃ១គ្រឿង កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចជិតស្ពានអូរដា ស្ថិតក្នុងភូមិខ្លុយ ឃុំមៀន ស្រុកពៃឈរ ខេត្តកំពង់ចាម ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជន រងគ្រោះខាងលើប្ដីឈ្មោះ ហួន ប៊ុនធឿន អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះ អុិន ចាន់ថន អាយុ៤២ឆ្នាំ មុខរបរលក់ថ្នាំជក់ រស់នៅ ភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ទ្រព្យ សម្បត្តិដែលត្រូវជនឆបោកយកទៅនោះ រួមមានខ្សែក និងបន្តោងមាស ទម្ងន់៥ជី ចិញ្ចៀន២ជី ក្រវិល១ជី និងទូរស័ព្ទដៃ១ គ្រឿងផងដែរ។ ពួកគាត់បន្តថា នៅមុន ពេលកើតហេតុគឺក្រុមជនសង្ស័យមានគ្នីគ្នាចំនួន៣នាក់បានរៀបចំផែនការនាំរូបគាត់ ចេញពីផ្សារព្រៃទទឹងទៅរកកន្លែងស្ងាត់នៅចំណុចខាងលើហើយក៏ធ្វើសកម្មភាពដោះដូរតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាន សាកសួរនិងណែនាំជនរងគ្រោះឲ្យដាក់ ពាក្យបណ្ដឹងដើម្បីឈានទៅកំណត់មុខ សញ្ញាចាប់យកមកផ្តន្ទាទោសតាមច្បាប់៕ ហេង នរិន្ទ្រ